រដ្ឋលេខាធិការក្រសួងហាផ្ទៃ ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត ចំនួន០២រូប

AKP បាត់ដំបង ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ -នៅថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡា ហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

អភិបាលរងខេត្ត ចំនួន០២រូប ដែលត្រូវបានតែងតាំងនោះគឺ លោក យឹម សៀប ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងជំនួសលោក ប៊ុត គឹម ស៊ាន ដែលបានចូលនិវត្តន៍ និងត្រូវបានប្រកាសតែងតាំងលោកស្រី សុំ ចិន្តា ឋានន្តរស័ក្តិឧត្តម មន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសលោកស្រី ញ៉ឹក សាគន្ធ ដែលបានចូលនិវត្តន៍ ។

នៅក្នុងពិធីនេះ ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថា ដើម្បីបំពេញជួរថ្នាក់ដឹកនាំរដ្ឋបាលខេត្តដែលបានចូលនិវត្តន៍ចំនួន ២រូបហើយ និងយោងតាមការចាំបាច់របស់រដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃបានផ្តល់សេចក្តីទុកចិត្តតែងតាំងអភិបាលរងចំនួន ២រូប ដែលមានអភិបាលរងជាបុរស១រូប និងស្រ្តី ១រូប ក្នុងនោះមានលោក យឹម សៀប ទីប្រឹក្សាសម្តេចក្រឡា ហោម ស ខេង ជាអភិបាលរងខេត្តថ្មី និងលោកស្រី សុំ ចិន្តា ពីអភិបាលរងក្រុងបាត់ដំបងមកជាអភិបាលរងខេត្តថ្មី។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានធ្វើការផ្តាំផ្ញើដល់ថ្នាក់នាំខេត្តទាំងអស់ត្រូវមានការសាមគ្គីផ្ទៃក្នុងល្អ ពង្រឹងការងារឱ្យមានប្រសិទ្ធភាពដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ គឺត្រូវពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋឱ្យបានល្អ ឱ្យពួកគាត់រស់នៅបានសុខសុវត្ថិភាពនៅតាមមូល ដ្ឋាន៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)