អាជ្ញាធរជាតិអប្សរាទប់ស្កាត់បទល្មើសកាប់ដើមឈើក្នុងតំបន់ការពារអង្គរ

AKP សៀមរាប ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ -អាជ្ញាធរជាតិអប្សរាបានធ្វើការណែនាំ និងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងតំបន់ការពារអង្គរថា មិនត្រូវកាប់ដើមឈើក្នុងតំបន់អង្គរឡើយ ព្រោះវាជាសកម្មភាពល្មើសច្បាប់។ ទោះជាក្នុងករណីដែលដើមឈើទាំងនោះអាចបង្កផលប៉ះពាល់ដល់ការរស់នៅឬផ្ទះសម្បែងរបស់ខ្លួនក៏ដោយ ក៏មិនអាចកាប់ដោយខ្លួនឯងបានដែរ គឺត្រូវធ្វើ ទំនាក់ទំនងទៅអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការត្រួតពិនិត្យ និងរកដំណោះស្រាយជូន។

ការណែនាំ និងជម្រាបជូនខាងលើនេះត្រូវបានធ្វើឡើង កាលពីថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងខណៈដែលក្រុមការងារអភិរក្សព្រៃឈើ នៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ សហការជាមួយមន្រ្តីឧទ្យា នុរក្សតំបន់ការពារទេសភាពអង្គរ នគរបាលការពារបេតិកភណ្ឌប្រចាំការខ្នងបារាយណ៍ខាងលិច រួមជាមួយអាជ្ញាធរភូមិបន្ទាយឈើ បានចុះបង្ការ និងទប់ស្កាត់បទល្មើសករណីកាប់ដើមត្រសេកមួយដើម ដែលស្ថិតនៅខាងត្បូងវត្តស្វាយរមៀត ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប។ បទល្មើសខាងលើបង្កឡើងដោយប្រជាពលរដ្ឋឈ្មោះ ហ៊ត់ យ៉ន់ មានទីលំនៅត្រង់ចំណុចកើតហេតុ ហើយក្នុងប្រតិបត្តិការនោះដែរ ក្រុមការងារបានដកហូតវត្ថុតាង និងបានហៅជនខាងលើទៅបំភ្លឺនៅស្នាក់ការតំបន់ការពារទេសភាពអង្គរ នៃមន្ទីបរិស្ថានខេត្តសៀមរាបដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ៕

ដោយ ហង្ស សៀក