ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩ត្រូវជួបគ្នា៤ប្រកួត នៅវគ្គ១៦ក្រុមថ្នាក់ជាតិ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ — ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល ២០១៩នឹងបន្ដការប្រកួត វគ្គជម្រុះ១៦ក្រុមថ្នាក់ជាតិបញ្ចប់ជើងទី១ នាល្ងាចថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៩ មាន២ប្រកួត និងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ក៏មាន២ប្រកួតដែរ បន្ទាប់ពី៤ប្រកួតបានសម្រេចលទ្ធផល បណ្តោះអាសន្ននៅជើងទី១ កាលពីសប្តាហ៍មុន។

យោងតាមកម្មវិធីប្រកួតផ្លូវការរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា CNCC នៃ​សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថា សម្រាប់ការប្រកួតនាល្ងាចថ្ងៃទី០៣ ខែកក្កដា នេះ គឺក្រុមម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ ប៉ះជាមួយក្រុមណាហ្គាវើលដ៏ ខណៈម្ចាស់ផ្ទះអាស៊ី អឺរ៉ុបយូណាយធីតជួបជាមួយក្រសួងការពារជាតិ នៅកីឡដ្ឋាន AEU Sport Park។ អាស៊ីអឺរ៉ុប និងក្រសួងការពារជាតិធ្លាប់ប៉ះគ្នានៅវគ្គ១៦ក្រុម កាលពីរដូវកាលឆ្នាំ២០១៨ កន្លងទៅ ដោយ​ក្រសួងការពារជាតិបានយកឈ្នះអាស៊ីអឺរ៉ុប ទាំង២ជើង ដោយលទ្ធផល ១០-២។

ចំពោះ២ប្រកួតផ្សេងទៀត នាល្ងាចថ្ងៃស្អែកនេះ គឺក្រុមសូលទីឡូអង្គរប៉ះជាមួយក្រុមចំណាត់ ថ្នាក់លេខ៣ឡើងមកពីពានរង្វាន់សម្តេចតេជោថ្នាក់ខេត្ត ក្រុមរតនគិរី ស្របពេលដែលអគ្គ​ស្នង​ការដ្ឋាននគរបាលជាតិជួប ប្រកួតជាមួយក្រុមវិសាខា នៅកីឡដ្ឋានអគ្គិសនីកម្ពុជា។

ក្រុមទាំង១៦ ដែលជាក្រុមជ័យលាភីចំនួន៣មកពីថ្នាក់ខេត្ត និងក្រុមក្នុងក្របខ័ណ្ឌលីគ​កំពូល​កម្ពុជា ចំនួន១៣នឹងត្រូវបន្តជួបគ្នា១ប្រកួតទៀត នៅជើងទី២ នាពេលខាងមុខ ដើម្បី​កាត់សេចក្តីថាតើក្រុមខ្លាំងៗចំនួន៨ក្រុមណាខ្លះ ដែលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ៕

ដោយ ហេង ណាលីន