អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ សមត្ថកិច្ចបង្ក្រាបបទល្មើស តាម​តំបន់ព្រំដែនបានជិត៣.០០០ករណី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ​សមត្ថកិច្ច​នៅ តាមព្រំដែនបានបង្ក្រាបបទល្មើសបានជិត៣.០០០ករណីបទល្មើស។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តន៍បន្ត​សម្រាប់​ឆមាសទី២ ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិបានគូសបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ កងទ័ពជើង​គោក​បានសហការ ធ្វើការល្បាតការពារ និងត្រួតពិនិត្យបង្គោលសីមា ក្នុងភូមិសាស្ត្រទទួល​ខុស​ត្រូវ ដើម្បីក្តាប់​សភាពការណ៍ នៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ និងបង្ក្រាប​បទល្មើស ផ្សេងៗ សរុបបាន​ចំនួន២.៩៨១លើក ក្នុងនោះ នៅព្រំដែនកម្ពុជា-ថៃចំនួន ១.២៨៩លើក ព្រំដែនកម្ពុជា-វៀតណាម ចំនួន១.១៧៩លើក និងព្រំដែនកម្ពុជា-ឡាវ ចំនួន៥១៣លើក។ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍បានបន្ដ​ថា ទន្ទឹមនេះ ក៏បានសហការជាមួយក្រុមរុករកអដ្ឋិធាតុ​វៀតណាម ដោយរុករកឃើញអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាមចំនួន៥៤០ធាតុ (យោធភូមិ​ភាគពិសេសចំនួន៦២ធាតុ, យោធភូមិភាគទី១ ចំនួន៤០ធាតុ, យោធភូមិភាគទី២ ចំនួន២២៨ ធាតុ, យោធភូមិភាគទី៣ ចំនួន៥៨១ធាតុ, យោធភូមិភាគទី៤ ចំនួន៤៨ធាតុ និងយោធភូមិភាគ ទី៥ ចំនួន៨៤ធាតុ។ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍បានបន្ថែមថា សម្រាប់ឆមាសទី១ ឆ្នាំ២០១៩នេះ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងប្រៀបការពារជាតិលើគ្រប់វិស័យនៅ តាមតំបន់ព្រំដែនធ្វើល្បាតជាប្រចាំ ដើម្បីតាមដានត្រួតពិនិត្យគ្រប់គ្រងសភាពការណ៍ និង​ភូមិសាស្ត្រទទួលខុសត្រូវ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងសកម្មភាពឆ្លងដែន ខុសច្បាប់ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែលកើតឡើងដោយសន្តិវិធី៕

ដោយ ប៊ុនរិទ្ធ