អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីនិពន្ធសៀវភៅរំលេចអំពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម

AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩​ — អ្នកនាំពាក្យ នៃទីស្ដីការគណៈរដ្ឋមន្ត្រីបាននិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា” ប្រយុទ្ធសត្រូវ ប្រទះស្នេហ៍” ដែលក្នុងនោះ បានរំលេចឱ្យឃើញផងដែរអំពីវីរភាពរបស់​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី ក្នុងការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍​ខ្មែរ​ក្រហម។ បន្ទាប់ពីយកសៀវភៅដែលមានចំណងជើងថា “ប្រយុទ្ធសត្រូវ ប្រទះស្នេហ៍”​ជូន​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការ​ក្រសួងព័ត៌មាន ឯកឧត្តម ឯក ថា អ្នកនាំពាក្យ នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជា​ទីប្រឹក្សាក្រសួង​ព័ត៌មាន ដែលឯកឧត្តមជាអ្នកនិពន្ធដោយផ្ទាល់សៀវភៅដែលមាន​ចំណងជើង​ថា “ប្រយុទ្ធ​សត្រូវ ប្រទះស្នេហ៍” នេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPឱ្យដឹងថា ក្នុង​សៀវភៅ​ប្រលោមលោកបែបប្រវត្តិសាស្ត្រនេះ បានរំលេចឱ្យឃើញពីប្រវត្តិសាស្ត្រដ៏ជូរចត់ របស់ខ្មែរ ក្រហម​ដែលបានធ្វើបាបកាប់សម្លាប់ប្រជាជនកម្ពុជា ហើយក៏បានរំលេចអំពីមិត្តភាពកងទ័ព កម្ពុជា និងមិត្តភាពកងទ័ពវៀតណាមរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបខ្មែរ ក្រហម។ ឯកឧត្តមបានបញ្ជាក់ថា “ខ្ញុំបានរំលេចឱ្យឃើញផងដែរអំពីវីរភាពរបស់សម្តេច តេជោនាយក​រដ្ឋមន្ត្រី ដែលពេលនោះលោករស់នៅក្នុងរបបខ្មែរក្រហម បានភៀសខ្លួនទៅ ក្នុងប្រទេសវៀត​ណាម យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រជាជនកម្ពុជា ពីបាតដៃប្រល័យ ពូជសាសន៍ខ្មែរ​ក្រហម ហើយលើកពីការស្ម័គ្រចិត្តរបស់កងទ័ពវៀតណាមបានជួយអ្នករស់រានមានជីវិត​កម្ពុជា​ឱ្យដើម្បីដេញខ្មែរក្រហមពីទឹកដីកម្ពុជានៅដើមខែមករាឆ្នាំ១៩៧៩”។

ឯកឧត្តម ឯក ថា ដែលមានតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មាន អនុប្រធានប្រចាំការ នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធាននាយកដ្ឋានព័ត៌មាន នៃទីស្តីការគណៈ​រដ្ឋមន្ត្រីផងបានឱ្យដឹងដែរថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមាន​ប្រសាសន៍​នៅក្នុងក្របសៀវភៅនេះថា នេះមិនមែនគ្រាន់តែជារឿងប្រលោមលោកទេ តែគឺ​ជាប្រវត្តិសាស្ត្រដែលមិនគួរត្រូវបានគេបំភ្លេច ហើយមិនត្រូវបានគេបកស្រាយខុស ឬប្រើ ប្រាស់ផលប្រយោជន៍ នយោបាយណាមួយនោះទេទាក់ទងរបបខ្មែរក្រហមនេះ។ ឯកឧត្ដម​បាន​លើកឡើងថា ដោយសារ ប៉ុល ពត និងអ្នកធ្វើតាមប៉ុល ពតនោះ បានប្រព្រឹត្តនូវឧក្រិដ្ឋកម្ម​ជាច្រើនប្រឆាំងប្រជាជនខ្លួនឯង។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ការគ្រប់គ្រង​របស់ប៉ុលពតដែលកាន់អំណាចនៅថ្ងៃទី១៧មេសាឆ្នាំ១៩៧៥រហូតដល់ថ្ងៃទី៧មករាឆ្នាំ១៩៧៩ក្រោយកងទ័ពវៀតណាមបានជួយអ្នករស់រានមានជីវិត ដេញកងទ័ពខ្មែរក្រហមចេញពី អំណាច។ “សៀវភៅនេះ ក្នុងឋានៈខ្ញុំជាអ្នករស់រានមានជីវិតម្នាក់ពីរបបវាលពិឃាត រឿង ប្រឌិតបែបប្រលោមលោកនេះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ខ្ញុំយ៉ាងខ្លាំង បេះដូងរបស់ខ្ញុំ លោត រន្ធត់ ខ្ញុំមានអារម្មណ៍ឈឺក្បាលណាស់ នៅពេលខ្ញុំនិយាយនឹកទៅដល់ពីរបបប្រល័យពូជ សាសន៍ខ្មែរក្រហមនេះ ដែលជារបបដ៏ខ្មៅងងឹតមួយនៅក្នុងទសវត្សរ៍ទី២០នៅ តំបន់អាស៊ី យើងនេះ” នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ខៀវ កាញារីទ្ធ។ ឯកឧត្ដមបានបន្ថែមថា “សាររបស់ខ្ញុំទៅកាន់មនុស្សជំនាន់ក្រោយរបស់កម្ពុជាទាំងអស់គឺថា សូមឱ្យស្រលាញ់ប្រទេស​របស់អ្នក ទុកផលប្រយោជន៍ប្រទេសរបស់អ្នកនៅពីលើអ្វីៗទាំងអស់ ហើយរួបរួមគ្នាក្នុង​ឋានៈ ខ្មែរតែមួយ”។ ជាមួយគ្នានេះ ឃ្លាមួយដែលឯកឧត្តម ខៀវ កាញារីទ្ធ បានរម្លឹកថា មាន​ឃ្លាពីរ​ដែល​ធ្វើឱ្យគាត់នឹកឃើញ ទី១ ចង្កឹះមួយបាច់កាច់មិនបាក់ បើយើងរួបរួមគ្នា យើងឈ្នះ បើ​យើង​បែកបាក់គ្នាយើងរលាយ។ លើសពីនេះទៅទៀត សៀវភៅកម្រាស់៧១ទំព័រ ជាភាសា​អង់​គ្លេសនេះក៏មានការចូលរួមយោបល់គាំទ្រពីឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អង្គ​​ភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមបានសម្តែងការគាំទ្រសៀវភៅនេះ ជាការប្រមូល​នៅ ការចងចាំអនុស្សាវរីយ៍ល្អៗ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដូចជា លោកហ្វុង ក៏ដូចជា ឥទ្ធិពលនៃសេចក្តីស្នេហារបស់កងទ័ពវៀតណាម ទៅលើកូនក្រមុំរបស់ខ្មែរក្រហមដែលគេ កំពុងជួបគ្នាដោយចៃដន្យនៅក្នុងព្រៃនេះក៏បង្ហាញឱ្យឃើញផងដែរ យើងមិនត្រូវបង្កើតឱ្យ​មាន​សង្រ្គាមទេ តែយើងត្រូវការសេចក្តីស្រឡាញ់មិត្តភាព និងស្នេហាជំនួសទៅវិញ។

សូមបញ្ជាក់ថា សៀវភៅ​ប្រលោមលោកបែបប្រវត្តិសាស្ត្រ ”ប្រយុទ្ធសត្រូវ ប្រទះស្នេហ៍” ក្នុងសៀវភៅមានជាង១០ជំពួក គឺទី១និយាយអំពីគ្រួសាររបស់ លោក ហ្វុងនៅវៀតណាម ទី២ ការស្វែងរកអ្នកស្ម័គ្រចិត្ត ទី៣ វិទ្យុវៀតណាមដែលផ្សាយថា នៅកម្ពុជារបបខ្មែរក្រហមសម្លាប់​ក្មេងៗ ទី៤ ឪពុកក៏ដូចជាកូន ទី៥ ការប្រយុទ្ធជាមួយខ្មែរក្រហម ទី៦ បេសកកម្ម បេសកកម្មដ៏​គ្រោះថ្នាក់ និងបេសកកម្មផ្តាច់ផ្តិលជីវិត ទី៧ យកការណ៍ពីសត្រូវ ទី៨ កែវយឺតឆ្លុះឃើញស្នេហ៍ ទី៩ បេសកកម្មបាត់ខ្លួនជាប់អន្ទាក់ដោយសារស្នេហា ទី១០ ឈប់រៀននៅក្រុងបាងកក មក​ស្នេហា​ស្ងាត់ៗនៅក្នុងព្រៃ ទី១១ ក្មេងព្រៃ ទី១២ ដប់បីឆ្នាំក្រោយមកហ្វុងបានត្រឡប់ទៅវៀត​ណាម​វិញ ៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម សុវណ្ណារ៉ា