ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅស្រុកស្នួល ខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវា អន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងស្រុកស្នួល ខេត្តក្រចេះ កាលពីព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។

ពិធីនេះរៀបចំដោយស្នងការដ្ឋាននគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក ឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ព្រះរាជអាជ្ញាសាលាដំបូងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោក គ្រូ អ្នកគ្រូ និងសិស្សនិស្សិតប្រមាណជាង ៧០០នាក់។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យ ដឹងថា ការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលនេះ គឺដើម្បីជាត្រីវិស័យក្នុង ការឆ្លើយតបឱ្យបានសមស្របទៅតាមស្ថាន ភាពជាក់ស្តែង នៃបញ្ហាក៏ដូចជាការបញ្ញាក់ស្មារតី និងដាស់តឿនក្រើនរម្លឹកដល់ជនគ្រប់រូបឱ្យយកចិត្តទុកដាក់ និងចូលរួមកាន់តែសកម្មថែម ទៀតក្នុងការបង្ការទប់ស្កាត់ និងដោះស្រាយបញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។ លោកឧត្តមសេនីយ៍បញ្ជាក់ថា ការប្រារព្ធទិវាអន្តរជាតិដ៏មានអត្ថន័យនេះគឺជាការដាក់ ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់ ហើយក៏បានឆ្លុះបញ្ចាំង យ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុត និងប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹង ប្រែងយ៉ាងប្តូរផ្តាច់ដើម្បីបង្ការទប់ស្កាត់ បង្រ្កាបឱ្យខាងតែបានរាល់បទល្មើស និងបញ្ហាដែល ពាក់ព័ន្ធនឹងគ្រឿងញៀន។

មានប្រសាសន៍ទៅកាន់មហាជននាឱកាសនោះឯកឧត្តម វ៉ា ថន  អភិបាលនៃ គណៈអភិបាលខេត្តក្រចេះបានអំពាវនាវឱ្យ មានការចូលរួមគាំទ្ររាល់សកម្មភាពការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសកម្មថែមទៀត និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ សូមបន្តនូវវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធ ភាព ហើយមន្រ្តីសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវតែចៀសវាងឱ្យបានជាដាច់ ខាត កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ក្នុងករណី បទល្មើសគ្រឿងញៀន កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការដោះស្រាយបញ្ហាគ្រឿង ញៀន នៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពបំផុត ៕

ដោយ  ជួន សុជាតិ