ក្រសួងសាធារណការ និងដឹកជញ្ជូន៖ មូលហេតុធ្វើឱ្យកកស្ទះចរាចរណ៍នៅកំពង់ផែភ្នំពេញ​ដោយសាររថយន្តមួយចំនួនគ្មានឯកសារគ្រប់គ្រាន់

AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩​ — មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យ​មានការ កកស្ទះចរាចរណ៍នៅកំពង់ផែភ្នំពេញដោយសារតែយានយន្តមួយចំនួនគ្មានឯកសារគ្រប់គ្រាន់ហើយមិនហ៊ានបើកចេញ-ចូល។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពនៃការអនុវត្តយន្តការចុះត្រួតពិនិត្យ​លក្ខណៈបច្ចេកទេសយានយន្ត និងប័ណ្ណបើកបររបស់អ្នកបើកបររថយន្ត ដឹកទំនិញចេញ-ចូល កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ  នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ ឯកឧត្ដម សេង ឈួន រដ្ឋលេខាធិការ និងជា​ប្រធានក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ចំពោះយានយន្តធុនធ្ងន់ដែលដឹកចូលកំពង់ផែ តាមពិនិត្យ និងអង្កេតយើងឃើញទាំងអស់គ្នា ហើយនៅកំពង់ផែស្វយ័តភ្នំពេញកន្លងមកនេះ​មានការកកស្ទះចរាចរណ៍ដោយសារមានរថយន្តមិនមានឯកសារគ្រប់គ្រាន់ ហើយមិនហ៊ាន ចេញ ឬចូល។ ចំណែករថយន្តដែលមានឯកសារគ្រប់គ្រាន់អាចចេញ-ចូលស្រួល។ ឯកឧត្ដម បានបន្តថា “រថយន្តដែលមិនហ៊ានចេញ-ចូលនោះដោយសារខ្វះនេះ ខ្វះនោះ ខ្វះប័ណ្ណបើកបរ ខ្វះសៀវភៅឈៀក ខ្វះស្លាកលេខ ហើយចំណែកផ្នែកបច្ចេកទេសវិញខ្លះខ្វះប៊ូឡុង ឬខៅ្ច មិនគ្រប់ចំនួនជាដើម”។ ឯកឧត្ដមរដ្ឋលេខាធិការបានលើកឡើងថា នៅពេលមានការត្រួត​ពិនិត្យឃើញមានការខ្វះចន្លោះចំពោះយានយន្តបានធ្វើឱ្យអ្នកបើកបរមួយចំនួនចតចោលក៏ មាន ទើបបណ្តាឱ្យមានការកកស្ទះចរាចរណ៍។

ឯកឧត្ដមបានឆ្លើយតបចំពោះម្ចាស់ក្រុមហ៊ុនមួយ ចំនួនដែលថា ការកកស្ទះចរាចរណ៍ បានធ្វើឱ្យមានការយឺតយ៉ាវទំនិញដោយសារសមត្ថកិច្ចគ្រប់គ្រងត្រួតពិនិត្យយកលុយ ដោយ អះ​អាងថា ឯកសារផាកពិនិត្យមានទាំងអស់ហើយ ចាប់ពីចំនួនប៉ុន្មាន មានក្នុងក្រឹត្យលេខ៤៤ ហើយ។ ឯកឧត្ដមក៏បានបន្ថែមថា គ្រោះថ្នាក់ដែលបណ្តាលមនុស្សស្លាប់នោះ គឺដោយសារតែ​អ្នកខ្លះបើកបរគ្មានប័ណ្ណបើកបរ  ប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀនជាដើម ជាពិសេស ម្ចាស់​​ក្រុមហ៊ុន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានទាំងអស់គ្នា៕

ដោយ ប៊ុនរិទ្ធ