រដ្ឋបាលខេត្តព្រះសីហនុប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ២៦ មិថុនា ២០១៩

AKP ព្រះសីហនុ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ -ព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្ក ដា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះសីហនុបានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខា ធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតជាច្រើននាក់ ។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត មានប្រសាសន៍ថា លទ្ធផលបង្ក្រាបគ្រឿងញៀនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនសរុបចំនួន ២០៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤១២នាក់ ស្រី ៥២នាក់ ។ វត្ថុតាងដកហូតមាន ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ ICE ចំនួន ៣៣២កញ្ចប់ ទម្ងន់ស្មើ ១.៣៧៦.១៣ក្រាម ម្សៅសថ្លាចំនួន ៩៥កញ្ចប់ ទម្ងន់ ២.៩៤៦.៣១ក្រាម ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ (WY) ១១កញ្ចប់ទម្ងន់ ១០៦.៨ក្រាម ថ្នាំគ្រាប់ កេតាមីន ១៥កញ្ចប់ ១១៣.៧៤ក្រាម កញ្ឆាក្រៀមចំនួន ២កញ្ចប់ ទម្ងន់ ៣៧២.០៩ក្រាម  និងប្រភេទថ្នាំញៀនផ្សេងៗមួយចំនួនទៀត ព្រមទាំងវត្ថុតាងជាសម្ភារ និងមធ្យោបាយមួយចំនួនធំទៀត ដែលប្រមូលបានក្នុងកិច្ចយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០១៩ ដោយបានបញ្ជាក់ថា ប្រធានបទដែលយើងលើកយកមកសម្រាប់ឆ្នាំនេះ គឺ “សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” (Health for Justice Justices for Health) ក្នុងគោលបំណងឆ្លុះបញ្ចាំងឱ្យឃើញ ពីតម្រូវការចាំបាច់ប្រកបដោយតម្លាភាពនៃការចូលរួមគាំទ្រទៅវិញទៅមករវាងផ្នែកអនុវត្តន៍ច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ក្នុងការលើកកម្ពស់ប្រសិទ្ធភាពរួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញ ។ ការប្រារព្ធទិវាជាតិរបស់យើងផ្សាភ្ជាប់ ជាមួយនឹងពាក្យស្លោក “ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង” ក្នុងគោលបំណងបន្តពង្រឹងការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋានឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលជោគជ័យថ្មីៗនៅពលខាងមុខ ។ ព្រមទាំងអំពាវនាវឱ្យយកកូនចៅ ទៅព្យាបាល ស្តារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបំណិនជីវិតរហូតពួកគេទទួលបានមកវិញនូវ   សម្បទាល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត ចិញ្ចឹមជីវិត និងកសាងគ្រួសារមួយដ៏ល្អនៅក្នុងសង្គម ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា គោលជំហរ និងឆន្ទៈរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងប្ដូរផ្ដាច់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយធ្វើការណែនាំដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ឱ្យមានការចូលរួមពីវិស័យឯកជន សាសនា និងគ្រប់ដៃគូពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបន្តថែរក្សា ការពារ និងពូនជ្រុំជីវភាពដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ។ តាមបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលយើងទទួលបានលទ្ធផលល្អប្រសើរ គឺទាមទារនូវការរៀបចំចាត់ចែងយន្តការដឹកនាំយ៉ាងហ្មត់ចត់ និងច្បាស់លាស់នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយមានការគាំទ្រពីគ្រប់ជ្រុងជ្រោយ គ្រប់ផ្នែកគ្រប់វិស័យ ទាំងក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅជំរុញការអនុវត្តឱ្យដំណើរការព្រមគ្នាក្លាយជា “ជីវភាព នៃប្រព័ន្ធតួអង្គតែមួយ” ប្រកបដោយការទទួលខុសត្រូវ រវាងការទប់ស្កាត់ តម្រូវការ និងការទប់ស្កាត់ការផ្គត់ផ្គង់គ្រឿងញៀននៅក្នុងមូលដ្ឋាន។ មានន័យថា ទាំងការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាល ស្ដារនីតិសម្បទា និងការអនុវត្តច្បាប់ ត្រូវតែបានអនុវត្តន៍ព្រមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមកនៅថ្នាក់មូលដ្ឋានតែម្ដង ដោយពុំចាំសុំកិច្ចអន្តរាគមន៍ពីថ្នាក់លើនោះទេ ទើបការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យ ។

សូមរម្លឹកថា មណ្ឌលបន្សាបគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់បើកទទួលអ្នកញឿងគ្រឿងញៀននៅឆ្នាំ២០០៨ មកដល់បច្ចុប្បន្ន មានយុវជនចូលមកទទួលសេវាព្យាបាល បន្សាប ស្ដារនីតិសម្បទាបានចំនួន ៧០៥នាក់ និងបានធ្វើសមាហរណកម្ម ទៅរស់នៅជាមួយក្រុមគ្រួសារវិញចំនួន ៦១៥នាក់ ។ បច្ចុប្បន្នមណ្ឌលបន្សាបគ្រឿងញៀននេះ បាន និងកំពុងព្យាបាលបន្សាប ស្ដារនីតិសម្បទា ចំនួន ៩០នាក់  ៕

ដោយ ងូ សុមុនី