អត្តពលិកមកពីវៀតណាមឈ្នះមេដាយមាសច្រើនជាងគេព្រឹត្តិការណ៍ហែលទឹកជើងឯក យុវជន លើកទី៤៣ នៅកម្ពុជា

AKP ភ្នំពេញថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩​ — ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជនអាស៊ី អាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ នៅ កម្ពុជាបានបញ្ចប់ជាស្ថាពរហើយ កាលពីល្ងាចថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដោយអត្តពលិកវ័យក្មេងមកពីប្រទេសវៀតណាមឈរនៅចំណាត់ថ្នាក់លេខ១លើកំពូលតារាង មេដាយ ដោយឈ្នះមេដាយច្រើនជាងគេ។

ប្រទេសវៀតណាម បានឈ្នះមេដាយមាស៤៣វិញ្ញាសា, មេដាយប្រាក់ ៤១ និងសំរឹទ្ធិ ២៥ សរុប១០៩, លេខ២ ថៃ មេដាយសរុប៧៦ ក្នុងនោះមេដាយមាស២៨, ប្រាក់ ១៨ និងសំរឹទ្ធិ៣០, ចំណាត់ថ្នាក់លេខ៣ បានទៅលើសិង្ហបុរី មេដាយមាស១១ ប្រាក់១៦ និងសំរឹទ្ធិ១៦ សរុប៤៣គ្រឿង ខណៈប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន និងម៉ាឡេស៊ី ឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធិសរុបចន្លោះពី២០ដល់៣៧។ ចំពោះប្រទេសចំនួន៤មិន ឈ្នះមេដាយឡើយ ក្នុងនោះមានម្ចាស់ផ្ទះកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងព្រុយណេ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា ការមិន​ទទួល​បានមេដាយបែបនេះ គឺសហព័ន្ធនឹងត្រូវខិតខំបន្តទៀត ដោយរៀបចំកម្មវិធីហ្វឹក​ហាត់​រយៈពេលវែងសម្រាប់អត្តពលិកហែលទឹកវ័យក្មេងជូនដល់ពួកគាត់ ចាប់ពីពេលនេះតទៅ មិន​អាចពន្យាពេលទៀតទេ។ ចំពោះគ្រូបង្វឹកត្រូវតែស្វែងរកគ្រូដែលមានគុណភាពចំណេះដឹង សម្រាប់ទិសដៅបង្ហាត់ដល់កីឡាករ កីឡាការិនីវ័យក្មេង។ អគ្គលេខាធិការរូបនេះបន្ថែម​ទៀត​ថា ទោះបីជាម្ចាស់ថ្នាលយុវជនម្ចាស់ផ្ទះកម្ពុជានៅខ្សោយមិនឈ្នះមេដាយក៏ពិតមែន ប៉ុន្តែ លោក​បានឃើញនូវការរីកចម្រើននៃកម្រិតបច្ចេកទេសរបស់ពួកគាត់ តាមរយៈការបំបែក​កំណត់ត្រា​របស់ខ្លួន។ លោកបានអះអាងថា សម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះនេះ​ត្រូវបាន​ប្រធានសហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍ ក៏ដូចជាថ្នាក់ដឹកនាំគណៈកម្មការបច្ចេក​ទេស​អាស៊ីអាគ្នេយ៍បានភ្ញាក់ផ្អើល និងកោតសរសើរដល់កម្ពុជាដែលបានរៀបចំជាលើកដំបូង ប៉ុន្តែ​ធ្វើឱ្យដំណើរការនៃការប្រកួតរយៈពេល៣ថ្ងៃនេះទទួលបានជោគជ័យ៕

ដោយ ហេង ណាលីន