ក្រសួងបរិស្ថានដាក់ឱ្យដំណើរការគេហទំព័រក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព

AKP ភ្នំពេញ ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ — ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគេហទំព័រ​ក្រុមប្រឹក្សាជាតិ​អភិ​វឌ្ឍន៍ដោយចីរភាព កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់
ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុម ប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបញ្ជាក់ថា គេហទំព័រដែលមានឈ្មោះថា http://ncsd.moe.gov.kh orhttp://www.moe.gov.kh/ ncsd នេះ មានសារៈសំខាន់ណាស់ក្នុងបំណងជួយឱ្យ​គ្រប់ភាគីពាក់ព័ន្ធទាំងអស់ទទួលបាននូវព័ត៌មានផ្នែកអភិវឌ្ឍន៍ដោយចីរភាព ប្រកបដោយភាពត្រឹមត្រូវ និងច្បាស់លាស់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិក្នុងបរិការណ៍បដិវត្តន៍ឧស្សាហកម្ម៤.០ ។ ឯកឧត្ដមបានបញ្ជាក់ថា ចំណុចមួយទៀតគេហទំព័រ​នេះ វាបណ្តុំទៅដោយធន​ធាន​ចំណេះដឹង និងព័ត៌មានដ៏សម្បូរបែប ដែលរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមជាច្រើន ក្នុងវិស័យបរិស្ថាន សេដ្ឋកិច្ច និងសង្គមនាពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្ដមរដ្ឋលេ ខាធិការបន្តថា គេហទំព័រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននេះ នឹងជួយឱ្យអ្នករៀបចំគោលនយោបាយ ស្ថាប័នស្រាវជ្រាវ សិក្សាធិការ អង្គការមិនមែន រដ្ឋាភិបាល វិស័យឯកជន និងសាធារណជន អាចឈ្វេងយល់កំណត់អាទិភាព និងបង្កើតកិច្ចអន្តរាគមន៍ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការងារអាទិភាពពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព។ ជាមួយគ្នានេះ គេហទំព័រនេះ ក៏ជួយឱ្យការរៀបចំគម្រោងបានល្អ​ប្រសើរ សម្រាប់ទាក់​ទាញនូវហិរញ្ញប្បទាន និងបង្កើនការយល់ដឹងរបស់សាធារណជនតាមបែបបច្ចេកវិទ្យាទំនើប អំពីស្ថានភាព នៃការប្រែប្រួលអាកាសធាតុសេដ្ឋកិច្ចបៃតង វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជីវចម្រុះ ជាដើម។

ឯកឧត្ដ ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើក ឡើងដែរថា ឯកសារចំណេះដឹងប្រមាណ៩០០មុខ ពាក់ព័ន្ធនឹងប្រព័ន្ធទិន្នន័យនៃការប្រែប្រួលអាកាសធាតុ និងភាពងាយរងគ្រោះ ហិរញ្ញប្បទានអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង​ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជីវចម្រុះ ដែលជាគំរូកាត់បន្ថយការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ​គោលនយោបាយជាតិ ផែនការតាមវិស័យជាដើមនោះនឹងត្រូវបានដាក់ បញ្ចូលនៅក្នុងគេហទំព័រថ្មីនេះ។
លោក ហ្វ្រង់គ៍ វីយោល(Franck VIAULT) អគ្គទីប្រឹក្សាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព និងជាប្រធានផ្នែកសហប្រតិបត្តិការប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានគាំទ្រចំពោះការបង្កើតគេហរទំព័រនេះឡើង ហើយការផ្តល់នូវទិន្នន័យ និងព័ត៌មានប្រកបដោយ គុណភាព ភាពច្បាស់លាស់ ភាពទុកចិត្តបាន និងទាន់ពេលវេលា ជាផ្នែកមួយជួយ សម្រួល ដល់ការរៀបចំផែនការអភិវឌ្ឍន៍ ប្រកបដោយប្រសិទ្ធភាព។ លោកបន្ដថា សហភាពអឺរ៉ុប បានសម្រេចផ្តល់ថវិកាចំនួន៦លានអឺរ៉ូបន្ថែមទៀត សម្រាប់កម្ពុជាធ្វើការងារលើផ្នែកអភិវឌ្ឍន៍ដោយចីរភាព និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុក្នុងរយៈ ពេល៥ឆ្នាំទៅមុខទៀត។ សូមបញ្ជាក់ថា ប្រព័ន្ធផ្តល់ចំណេះដឹងនេះ បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសស៊ុយអែត តាម រយៈកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ នៅកម្ពុជា៕

ដោយ ប៉ាល់ សុង