រដ្ឋបាលខេត្តព្រះសីហនុ  សូត្រមន្តឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសព កម្មករដែលស្លាប់ ចំនួន​២៨នាក់ ក្នុងឧបទ្ទវហេតុបាក់រលំអគារ ៧ជាន់

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ — រដ្ឋបាលខេត្តព្រះ សីហនុ បានរៀបចំពិធីសូត្រមន្ត ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ សពកម្មករ កម្មការិនី ចំនួន២៨នាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុបាក់រលំ​អគារ៧ជាន់ នៅក្រុងព្រះសីហនុ កាលពីរាត្រីទាបភ្លឺថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩កន្លងមក។ ក្នុងកម្មវិធីសូត្រមន្ត ឧទ្ទិសកុសលនេះ មានព្រះសង្ឃចំនួន ២៨អង្គ ដោយមានការអញ្ជើញ​ចូលរួមពី​ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាង​ច្រើនកុះករ នៅទីតាំងរលំអគារ កាលពីថ្ងៃសុក្រ ១១រោជ ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ២០១៩ ស្ថិតក្នុងក្រុងព្រះសីហនុ ។

ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កង​កម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមសម្ដែងនូវការសោកស្តាយ​យ៉ាង​ក្រៃលែង​ចំពោះហេតុការណ៍ដ៏រន្ធត់មួយនេះព្រមទាំងបួងសួងព្រលឹងសពកម្មករ កម្ម​ការិ​នីទាំង ២៨នាក់ មកទទួលកុសលផលបុណ្យ និងបានកើតនៅសុគតិភពគ្រប់ៗគ្នា និងក៏សូម​​ជូនពរអ្នករង​របួស​ចំនួន២៦នាក់ ឱ្យបានឆាប់ជាសះស្បើយប្រកបការងារក្នុងក្រុមគ្រួសារ។  ឯកឧត្តម​អភិបាល​ ខេត្ត ក៏សុំការយោគយល់ និងអភ័យទោសពីសំណាក់សាច់ញាតិ​ជនរង​គ្រោះចំពោះការខ្វះ​ខាតរបស់រដ្ឋបាលខេត្ត ក្នុងការបាក់រលំអគារកម្ពស់ ៧ជាន់នាពេល​កន្លង​មក និងក៏ជាមេ​រៀន​សម្រាប់មន្ត្រីយើងទាំងអស់គ្នា ក្នុងការចូលរួមអនុវត្តន៍តាមបទដ្ឋាន លក្ខណៈ​បច្ចេកទេស​សំណង់​កាន់តែស៊ីជម្រៅបន្តទៀត ។  ឯកឧត្តមបានបន្តថា ក្នុងរយៈពេលជិត៤ឆ្នាំ ដែល​ឯកឧត្តម​ដឹកនាំខេត្តព្រះសីហនុ គឺមានការអភិវឌ្ឍយ៉ាងលឿន និងមានសំណង់​អគារពាណិជ្ជ​កម្ម សណ្ឋា​គារ និងផ្ទះសំណាក់ កើតឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងកំពុង​បន្តកើត មាន​ឡើង​ជាបន្តបន្ទាប់នាពេលខាងមុខ។ ឯកឧត្តមសង្ឃឹមថា នៅពេលអភិបាល​ខេត្តថ្មីចូលកាន់​​តំណែង នឹងបន្តដឹកនាំខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីក​ចម្រើនជាក់​ជាមិនខាន ហើយ​ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈកាន់តែល្អ ធានាដល់ការរស់ នៅ​របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕

ដោយ ងូ សុមុនី