ឯកឧត្ដម វេង សាខុន អនុញ្ញាតឱ្យព្រឹទ្ធបុរសថ្មីនៃសាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោកសាស្ត្រាចារ្យ Satoru Tsuchikawa ព្រឹទ្ធបុរសថ្មីនៃសាលាក្រោយឧត្តម សាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន និងសហការី ក្នុងគោលបំណងសម្តែងការគួរសម និងជម្រាបជូនអំពីសកម្មភាព នៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើការងារបណ្តុះបណ្តាលថ្នាក់បរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅឯទីស្តីការក្រសួង។

កិច្ចសហប្រតិបត្តិការបានចាប់ផ្តើមតាំងពីឆ្នាំ ២០០០មកម្ល៉េះ ដោយសង្គេតឃើញថា   ភាគីទាំងពីរទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ និងនៅមានសក្តានុពល ក្នុងការពង្រីក សាកលវិទ្យាល័យណាហ្គូយ៉ា បានសម្រេចចិត្តបង្កើតសាខា (Satellite Institute) ចំនួន ០៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមមាន៖ ១. សាកលវិទ្យាល័យភូមិន្ទកសិកម្ម សម្រាប់សិក្សា និងលើកកម្ពស់ផ្នែកកសិកម្ម។ ២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់សិក្សាផ្នែកអភិវឌ្ឍន៍អន្តរជាតិ។ ៣. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់សិក្សាផ្នែកច្បាប់។

អ្វីដែលគួរជាទីមោទនៈសម្រាប់សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រសួងកសិកម្ម នោះគឺក្នុងឆ្នាំ២០១៧ និង២០១៨ មានមន្ត្រីជំនាញ ០២រូប បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យ ហើយកំពុងបំពេញការងារជូនក្រសួង ឋានៈជាអគ្គនាយក និងអនុប្រធាននាយកដ្ឋាន។ ដោយឡែកបច្ចុប្បន្នក៏នៅមានមន្ត្រីជំនាញចំនួន ០៥រូបទៀត កំពុងសិក្សាថ្នាក់បណ្ឌិតផងដែរ។ សម្រាប់វគ្គបណ្តុះបណ្តាលថ្មី ដែលនឹងចាប់ផ្តើមខែតុលា ឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ២០២១ សាកលវិទ្យាល័យបាននិងកំពុងជ្រើសរើសបេក្ខជនដើម្បីទទួលបាននូវអាហារូបករណ៍បន្តការសិក្សា។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលជប៉ុន និងសាកលវិទ្យាល័យណាហ្គូយ៉ា ដែលបានចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ហើយឯកឧត្តមក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃនេះនឹងបន្ត ធ្វើយ៉ាងណាលើកស្ទួយធនធានមនុស្ស ពិសេសមន្ត្រីជំនាញរបស់ក្រសួង ដើម្បីអភិវឌ្ឍន៍វិស័យកសិ កម្មកម្ពុជាជាកសិកម្មទំនើបមួយ នៅក្នុងតំបន់នាពេលខ្លីខាងមុខ។ ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា សាកលវិទ្យាល័យណាហ្គូយ៉ា គួរពិនិត្យលទ្ធភាពផ្តល់វគ្គ បណ្តុះបណ្តាលទាំងរយៈពេលខ្លី និងវែង ដោយផ្តោតជាសំខាន់ទៅលើជំនាញនៃការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ការបំពេញខ្សែចង្វាក់ផលិតកម្មកសិកម្ម និងជាពិសេសបំពេញតម្រូវការទីផ្សារកសិកម្ម ដោយយន្តការទាំងនេះ គឺជាយន្តការស្នូលនៃគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួង។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Satoru Tsuchikawa បានឯកភាពចំពោះការលើកឡើង និងមតិយោបល់របស់ឯកឧត្តមរដ្ឋមន្ត្រី ហើយបានបញ្ជាក់ថា សាកលវិទ្យាល័យណាហ្គូយ៉ានឹងពិនិត្យ ខិតខំឱ្យអស់លទ្ធភាពជួយដល់មន្ត្រីជំនាញរបស់ក្រសួង បង្កើនសមត្ថភាពដើម្បីយកមកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ៕

ដោយ សេង សុវណ្ណនី (ប្រភពក្រសួងកសិកម្ម)