រដ្ឋមន្ត្រីក្រសួងការងារ ណែនាំឱ្យមន្ត្រីជំនាញ រៀបចំបណ្តុះបណ្តាលដល់និយោជក-កម្មករពី​ហានិភ័យ នៃសារធាតុអាសបេស្តុស

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំឱ្យមន្ត្រីក្រោមឱវាទ និងក្រុម​ការងារជំនាញ ត្រូវរៀបចំចងក្រងឯកសារមេរៀន សម្រាប់ធ្វើការបណ្តុះបណ្តាលនិងផ្សព្វ​ផ្សាយ​ដល់និយោជក កម្មករនិយោជិត និងមហាជនទូទៅឱ្យបានយល់ដឹងពីហានិភ័យនានា ដែលបង្កឡើងដោយសារធាតុអាសបេស្តុស។ក្នុងពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេ ស្តុសនៅកម្ពុជា នៅ ភោជនីយដ្ឋានទន្លេបាសាក់ទី២ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា អាសបេស្តុស ពិតជាមានប្រយោជន៍ ច្រើនចំពោះ វិស័យឧស្សាហកម្ម ដោយសារវាធន់រឹងមាំ ប៉ុន្តែវាក៏​បណ្តាល​ឱ្យមានផលប៉ះពាល់យ៉ាងច្រើន ដល់សុខភាពមនុស្ស តាមរយៈការដកដង្ហើម។ ឯកឧត្ដមបានបញ្ជាក់ថា សារធាតុអាសបេស្តុសនេះ ភាគច្រើនបណ្តាលឱ្យកើតជំងឺ មានជា​អាទិ៍ មហារីកសួត មហារីកស្រោមសួត មហារីកស្បូន ដុំក្នុងសួត រលាកសួត ស្រោមសួត​ក្រាស ត្បៀតទងសួត ជំងឺប្រព័ន្ធផ្លូវដង្ហើម និងរហូតដល់កើតជំ ងឺមហារីកបំពង់អាហារ មហា​រីក​ក្រពះ និងមហារីកពោះវៀនទៀតផង។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា តាមរយៈការរៀបចំពិធីផ្សព្វ ផ្សាយកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជានេះ គឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ និងពីគ្រប់ភាគីពាក់ព័ន្ធចំពោះការអភិវឌ្ឍវិស័យសុខភាព និងសុវត្ថិ ភាព​ការងារនៅកន្លែងធ្វើការក្នុងប្រទេសកម្ពុជា។

ឯកឧត្ដមក៏បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំ ដឹកនាំ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំចេញ ជាសៀវភៅ ដ៏មានសារៈសំខាន់នេះឡើង ជាពិសេសចំពោះក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេស្តុសនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងប្រមែប្រមូលផ្តល់ ទិន្នន័យព័ត៌មាន និងរបាយការណ៍នានា។ ទន្ទឹមនេះ ក៏នឹងត្រូវធ្វើបច្ចុប្បន្នភាពញឹកញាប់ ដើម្បី​ជូនព័ត៌មានពីការអភិវឌ្ឍគោលនយោបាយ ការកំណត់បញ្ហាប្រឈមនៅកន្លែងធ្វើការ ជួយក្នុង​ការរៀបចំផែនការ និងកំណត់សកម្មភាពអាទិភាពសំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃ អាស​បេស្តុស។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានស្នើដល់អង្គការដៃគូអភិវឌ្ឍន៍នានា រួមមាន ទី  ភ្នាក់ងារសុវត្ថិភាព និងការលុបបំបាត់សារធាតុអាសបេស្តុនៃប្រទេសអូស្រ្តាលី អង្គការអាហ្វីដា អង្គការILO Japan និងអង្គការសុខភាពពិភពលោក(WHO) បន្តជួយគាំទ្រ ដើម្បីកម្ពុជា មាន​លទ្ធភាពរៀបចំឱ្យទៅជាផែនការសកម្មភាពនានា ឈានទៅការប្រើប្រាស់ប្រកបដោយសុវត្ថិ ភាព និងទប់ស្កាត់នូវរាល់ហានិភ័យទាំងឡាយដែលបង្កឡើងដោយសារធាតុអាសបេស្តុស នេះ។

ឯកឧត្ដមក៏បាន បានណែនាំឱ្យក្រុមការងារនេះរៀបចំចងក្រងឯកសារមេរៀនសម្រាប់​ធ្វើការបណ្តុះបណ្តាល ផ្សព្វផ្សាយដល់និយោជក កម្មករ និយោជិត និងមហាជនបានយល់​ជ្រួតជ្រាបពីហានិភ័យ ដែលបង្កឡើងដោយសារធាតុអាសបេស្តុសនេះ៕

ដោយ ប៊ុនរិទ្ធ