រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រើនរម្លឹកជាថ្មីឱ្យអាជ្ញាធរប្រុងប្រយ័ត្នចំពោះសកម្មភាព ដែលបង្កើត ឡើងដោយក្រុមនៅក្រៅច្បាប់

AKP ព្រះវិហារ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ — នៅចំពោះមុខអភិបាលខេត្តព្រះវិហារថ្មី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតនៅក្នុងខេត្ត ព្រះវិហារ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការក្រើនរម្លឹកជាថ្មីម្តងទៀតឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់សកម្មភាពបង្កអសន្តិសុខ និងស្ថិរភាពនយោបាយពីសំណាក់ក្រុមនៅក្រៅច្បាប់របស់អតីតគណបក្ស​ប្រឆាំង​ដែលត្រូវបានតុលាការកំពូលរំលាយហើយនោះ។ ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបែបនេះ គឺធ្វើឡើងក្នុងឱកាសដែល​សម្តេចបានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលខេត្តព្រះវិហារថ្មី កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បើទោះបីជាស្ថានភាពទូទៅនៅ កម្ពុជាមានសន្តិភាព និងស្ថិរភាពសន្តិសុខល្អយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នាត្រូវមាន ការប្រុងប្រយ័ត្ន ស្របពេលដែលក្រុមនៅក្រៅច្បាប់មួយចំនួនរបស់អតីតគណបក្សសង្រ្គោះ ជាតិបាននឹងកំពុងធ្វើសកម្មភាពពីខាងក្រៅប្រទេសក្នុងគោលបំណងដើម្បីផ្គួលរំលំរាជរដ្ឋាភិ បាលកម្ពុជាដែលកើតឡើងពីការបោះឆ្នោតស្របច្បាប់។ សម្តេចក្រឡាហោមបានបន្ដថា ក្រុម​នៅក្រៅច្បាប់ទាំងនោះ នៅតែបន្តធ្វើការអូសទាញអ្នកគាំទ្ររបស់ខ្លួននៅក្នុងប្រទេសដើម្បីធ្វើ​យ៉ាងណាបង្កើតឱ្យមានចលនាមួយផ្ដួលរំលំរាជរដ្ឋាភិបាលក្នុងគោលបំណងបង្កឱ្យមានអស្ថិរភាពនយោបាយនៅក្នុងប្រទេស។
តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចក្រឡាហោមក៏បានណែនាំថា សូមកុំគិតថា បញ្ហាខាងលើនេះគឺជាបញ្ហាស្មុគស្រ្មាញដែលលំបាកដោះស្រាយ ឬក៏មិនត្រូវចាត់ទុក​បញ្ហា​នេះថា​សាមញ្ញនោះដែរ។ ប៉ុន្តែអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើគឺរួមគ្នាពង្រឹង​ស្ថិរភាពនយោ​បាយឱ្យបានល្អ។ ទន្ទឹមនេះ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាពន្យល់​ប្រជាពលរដ្ឋ ឱ្យ​បានយល់ពីបញ្ហានេះ ដើម្បីចៀសវាងកុំឱ្យពួកគាត់ចូលរួមសកម្មភាពខុសច្បាប់ ដែលបង្កើត​ឡើងដោយក្រុមអតីតគណបក្សប្រឆាំង។ សម្តេចក្រឡាហោមបន្ថែមថា កម្ពុជាលើកទឹកចិត្តឱ្យ​មាន​ការចូលរួមនយោបាយស្របតាមរដ្ឋធម្មនុញ្ញដែលបានចែងថា កម្ពុជាប្រកាន់របបប្រជាធិប​តេយ្យ​សេរីពហុបក្ស ដែលបើកចំហឱ្យមានការធ្វើសកម្មភាពនយោបាយបានទូលំទូលាយ។ សម្ដេចក្រឡាហោមក៏បានបន្ថែមទៀតថា កម្ពុជាក៏មិនអាចអនុញ្ញាតឱ្យ​មានសកម្មភាពទាំង​ឡាយ​ណា​ដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់ផងដែរ៕

ដោយ ចាន់ សុធីវង្ស