កម្ពុជា – ចិន រៀបចំវេទិកានៃការផ្លាស់ប្តូរយោបល់របស់យុវជន និងពិព័រណ៍គំនូរបង្ហាញពី វប្បធម៌ ខេត្តយូណាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ -ប្រទេសកម្ពុជា និងចិន បានរៀបចំវេទិកា នៃការផ្លាស់ប្តូរយោបល់របស់យុវជននៃប្រទេសទាំងពីរ និងពិព័រណ៍គំនូរដ៏ស្រស់ស្អាតសាលពិព័រណ៍គំនួរខេត្តយូណាន នៃប្រទេសចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជន នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ពិធីនេះរៀបចំឡើងកាលពីរសៀលថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា និងលោក លី យ៉ុង(Li Yong )សមាជិកអចិន្ត្រៃយ៍ នៃសហភាពសហព័ន្ធយុវជនខេត្តយូណាន ប្រទេសចិន។

ឯកឧត្តម សាន វឌ្ឍនា មានប្រសាសន៍ថា តាមរយៈវេទិកានេះនឹងផ្តល់ឱកាសឱ្យយុវជនបានឈ្វេងយល់ពីវប្បធម៌ និងចំណេះដឹងទៅវិញទៅមកឈានដល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដូចដែលប្រមុខថ្នាក់ដឹកនៃប្រទេសទាំងពីរបាននិងកំពុងប្រកាន់យក នាពេលបច្ចុប្បន្ន និងទៅអនាគត។

លោក លី យ៉ុង (Li yong) មានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ចិន មានតាំងពីយូរណាស់មកហើយ នឹងត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរលើគ្រប់វិស័យជាពិសេសវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ នយោបាយការទូត អប់រំ សុខាភិបាលជាដើម។

លោក យិន កាង នាយកមជ្ឈមណ្ឌលវប្បធម៌ចិន ប្រចាំកម្ពុជា បានឱ្យដឹងថា ការផ្លាស់ប្តូរ យោបល់ និងបទពិសោធន៍របស់យុវជនចិន-កម្ពុជា និងពិព័រណ៍គំនួរដ៏ស្រស់ស្អាតសាលពិព័រណ៍គំនួរខេត្តយូណា នៃប្រទេសចិននៅពេលនេះ បានបង្ហាញពីការផ្លាស់ប្តូររបស់យុវជន តាមរយៈការសម្តែងសិល្បៈប្រទេសទាំងពីរ និងបានទស្សនារូបភាពស្អាតៗរបស់តំបន់ទេស ចរណ៍ខេត្តយូណាន ហើយវាជាការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ទៅវិញទៅមកផងដែរ។

ឯកឧត្តម បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា តាមរយៈវេទិកានេះ ពិតជាមានសារៈប្រយោជន៍សម្រាប់យុវជនកម្ពុជា បញ្ចេញសមត្ថភាពឱ្យយុវជនចិន បានឃើញពីសមត្ថភាពពិតដែលខ្លួនទទួលបាន និងបទពិសោធន៍ពិតពីការរៀនសូត្រនៅឯប្រទេសចិន មកបង្ហាញប្រាប់យុវជនកម្ពុជា និងយុវជនចិនបានដឹងផង និងធ្វើឱ្យសិស្សនិស្សិតកម្ពុជា មានចិត្ដចង់ទៅសិក្សានៅប្រទេសចិន មានភាពងាយស្រួល ដោយបានត្រៀមលក្ខណៈជាមុន។ ចំណែកយុវជនចិនវិញបានឈ្វេងយល់ពីវប្បធម៌ និងសង្គមកម្ពុជាយ៉ាងស៊ីជម្រៅវិញផងដែរ ដែលនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការល្អនៃប្រទេសកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕

ដោយ សួស សំរិត