ក្រសួងបរិស្ថានបានស្នើឱ្យ អង្គការ USAID បន្តសហការកិច្ចគាំពារបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩រសៀលថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោកស្រី Rebecca black ប្រធានក្រុមបេសកកម្មនៃអង្គការUSAID ដឹកនាំក្រុមការងារគម្រោង USAID Greening Preylang នៃអង្គការ USAID ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងរាយការណ៍នូវវឌ្ឍនភាពការងារនៃការចាប់ផ្តើមអនុវត្តន៍គម្រោង។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា នៅក្នុងជំនួបនេះលោកស្រី Rebecca black មានប្រសាសន៍ សូមថ្លែងនូវអំណរគុណចំពោះកិច្ចសហការយ៉ាងល្អលើវិស័យបរិស្ថាន រវាងអង្គការ USAID និងក្រសួងបរិស្ថាននាពេលកន្លងមក និង សូមការអនុញ្ញាតសិក្សាឈ្វេងយល់បន្ថែមទៀត លើការងារគ្រប់គ្រងធនធានបរិស្ថាន របស់ក្រសួងក្នុងរយៈពេលនៃបេសកកម្មរបស់លោកស្រីនៅកម្ពុជារយៈពេល ១សប្តាហ៍នេះ។

ប្រភពដដែលបន្តថា ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណចំពោះវត្តមានលោកស្រី និងក្រុមការងារគម្រោង USAID Greening Preylang នៃអង្គការUSAIDប្រចាំនៅកម្ពុជាដែលបានសហការ និងរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ក្នុងន័យនេះឯកឧត្តមរដ្ឋមន្រ្តីសំណូមពរដល់អង្គកា USAID សូមបន្តនូវកិច្ចសហការគាំទ្រជាមួយក្រសួងបរិស្ថានលើ ១-ការការពារតំបន់ការពារធម្មជាតិកម្ពុជា ជាពិសេសតំបន់ការពារធម្មជាតិព្រៃឡង់។ ២-ការបន្តចុះបញ្ជីដីសហគមន៍តំបន់ការពារធម្មជាតិព្រៃឡង់។ ៣-ការគិតគូរពីជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់នូវជំនាញវិជ្ជាជីវៈនានាសមស្របនឹងមូលដ្ឋាននោះ។ ៤.ការបញ្ជ្រាប និងជំរុញការអប់រំសហគមន៍មូល   ដ្ឋានលើចំណេះដឹងស្តីពីបរិស្ថាន ជាពិសេសកុមារតូចៗ និង យុវជនបន្តវេន។ ដោយឡែកចំពោះការងារផ្សេងៗទៀត ក្រសួងបរិស្ថានសូមស្វាគមន៍ និងចាត់ចែងរៀបចំឱ្យក្រុមការងារជំនាញបន្តកិច្ចសហការ ៕

ដោយ ពេជ្រ ណារិទ្ធ