សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរួមគ្នាបង្ក្រាបរាល់ការប៉ុនប៉ងលួចលាក់​ចរាចរគ្រឿងញៀនខុសច្បាប់ ឆ្លងកាត់ និងចូលមកកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ — សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្នើឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីទទួលបាននូវកម្លាំងសរុបមួយ ដែលអាចជួយ​លើក​កម្ពស់ទាំងលទ្ធភាព និងប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់ការប៉ុនប៉ងលួច​លាក់ចរាចរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ និងចូលមកកម្ពុជា។ ការស្នើនេះធ្វើឡើងតាមរយៈ សារលិខិត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ក្នុងសារលិខិត សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំ និងសំណូមពរគ្រប់ក្រសួង ស្ថាប័ន អង្គភាព ដែលជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាសមាជិក​នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសគណៈកម្មាធិការ ទាំង៦ ដែលបានបង្កើតឡើងនាពេលកន្លងមកសម្រាប់អនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងច្បាប់ ត្រូវរៀបចំនិងពង្រឹងយន្តការសម្រាប់អនុវត្តន៍ប្រកបដោយការទទួលខុសត្រូវ​នូវ រាល់សកម្មភាពដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយនឹងការបន្តពង្រឹងសកម្មភាព អនុវត្តន៍ច្បាប់ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងឱ្យកាន់តែ សកម្មថែមទៀតនូវការផ្សព្វផ្សាយសារអប់រំពីបញ្ហាគ្រឿងញៀន ទាំងតាមរយៈផលិតផល ផ្សេងៗ ដូចជានៅលើដបទឹកសុទ្ធ កំប៉ុងភេសជ្ជៈ ថង់វេចខ្ចប់។ល។ ក៏ដូចជាតាមរយៈ ការបិទ ផ្សាយខិត្តប័ណ្ណ ឬផ្ទាំងរូបភាពអប់រំនៅតាមគោលដៅប្រឈមនានា ពិសេសនៅតាមផ្ទះជួល ផ្ទះសំណាក់ និងក្លិបកម្សាន្តសប្បាយ។ សម្ដេចតេជោក៏បានជំរុញ ឱ្យត្រូវយកចិត្តទុកដាក់​ក្នុង​ការចលនាស្វែងរកការចូលរួម និងគាំទ្រពីដៃគូ ទាំងវិស័យសាសនា វិស័យឯកជន សប្បុរស ជន អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីធ្វើឱ្យការងារឆ្លើយតបរបស់ខ្លួន កាន់តែ មានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ និងទទួលបានប្រសិទ្ធភាពខ្ពស់។ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានឱ្យសិល្បករ សិល្បការិនី ពិធីករ ពិធីការនី ពិសេសបងប្អូន ជនរួមជាតិ ទាំងអស់ ដែលបានផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមយ៉ាងសកម្មផុល​ផុសរហូត​ធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្លាយទៅជាចលនាជាតិយ៉ាងសំខាន់មួយទៀត ក្នុងការការពារសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរួមចំណែកយ៉ាងធំធេង ក្នុង ការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់បង្ក លក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យ​បានរុង រឿង​យ៉ាងឆាប់រហ័ស។ ជាក់ស្តែង កម្ពុជាបានទទួលនូវចំណាត់ថ្នាក់ល្អប្រសើរ ជាប្រទេសស្ថិត ក្នុងលំដាប់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលសម្រេចបានគោលដៅ​អភិវឌ្ឍន៍ សហសវត្ស ព្រមទាំងជាប្រទេសជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក​ដែលសម្រេច​បាននូវវឌ្ឍនភាព ដ៏ល្អប្រសើរក្នុងការកែលម្អផ្នែកសង្គម ពិសេសបានថែរក្សានូវកំណើនសេដ្ឋ​កិច្ច​ក្នុងរង្វង់៧ភាគរយ រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ រហូតធ្វើឱ្យយើងមាន​លទ្ធភាព​ចាកចេញពីក្រុមប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមាន​ចំណូលមធ្យមកម្រិត​ទាបតាំងពីឆ្នាំ២០១៦ ហើយត្រូវបានគេចាត់ទុកក្នុងលំដាប់ទី៤ នៃបណ្តាប្រទេសនៅលើពិភព​លោក ដែលកាត់បន្ថយភាពក្រីក្របានលឿនជាងគេ ។ ទាំងនេះ គឺជាមោទនភាពដ៏ប្រពៃបំផុត ដែលយើងទាំងអស់ ត្រូវតែរួមគ្នាការពារ និងថែរក្សាឱ្យខាងតែបាន ដើម្បីឈានឆ្ពោះទៅ​សម្រេចគោលដៅក្នុងនាមជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាក់ស្តែង ក្នុងឆ្នាំ២០១៨ និងរយៈពេល ៥ ខែនៃឆ្នាំ២០១៩ កន្លងមកនេះ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងបណ្តាញរបស់វា នៅតែបន្ត ព្យាយាមលួចលាក់ចរាចរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ និងចូលមកកម្ពុជា បើទោះបីជា សមត្ថកិច្ចរបស់យើងបង្ក្រាប និងចាប់ខ្លួនបានជាច្រើននាក់ និងរឹបអូសគ្រឿងញៀន​បានជា​ច្រើនតោនយ៉ាងណាក៏ដោយ។ ជាមួយគ្នានោះ ក្រុមជនទុច្ចរិតមួយចំនួនក៏នៅតែបន្តឆ្លៀត ឱកាសកេងយកផលចំណេញពីការជួញដូរគ្រឿងញៀន ដោយប្រើប្រាស់គ្រប់ វិធីសាស្ត្រ និង​ល្បិចកល រហូតធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនចាញ់ការបោកបញ្ឆោទ ធ្លាក់ខ្លួនជាអ្នកប្រើ អ្នកញៀន ហើយខ្លះទៀត ក៏បានក្លាយខ្លួនទៅជាអ្នកបន្តជួញដូរគ្រឿងញៀនថែមទៀតផង ។ ម្យ៉ាងវិញទៀត ក្នុងពេលកន្លងទៅថ្មីៗនេះ យើងក៏បានរកឃើញផងដែរថា វិស័យឯកជន​មួយចំនួនដូចជាផ្ទះជួល ផ្ទះសំណាក់ ពិសេសក្លិបកម្សាន្តសប្បាយ ក៏បាន​ក្លាយទៅជាគោល​ដៅ​នៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ក្នុងពេលដែលសមត្ថភាព និងការទទួលខុស​ត្រូវរបស់អាជ្ញាធររាជធានី -ខេត្ត ពិសេសមូលដ្ឋានឃុំសង្កាត់៕

ដោយ គង់ សិរីរ័ត្ន