​ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យអាណត្តិទី៣ បើកកិច្ចប្រជុំលើកដំបូង

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ — ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យអាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកដំបូង របស់ខ្លួននាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ​ ​ ក្រោម​វត្តមាន ឯកឧត្តម ខេង ស៊ុម ប្រធាន ក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ​បន្ទាយមានជ័យ។កិច្ច​ប្រជុំសាមញ្ញលើកទី១​អាណត្តិ​ទី៣របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានផ្តោត​​ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង និងអានគំរូបទបញ្ជាផ្ទៃក្នុង និងការផ្តួចផ្តើមរៀបចំសេចក្តី​ព្រាងប្រតិទិន​នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាអាណត្តិទី៣​សម្រាប់១២ខែ​។ ពិនិត្យ

របាយការណ៍​លទ្ធផលការងារ​របស់រដ្ឋបាលខេត្ត ក្នុងអាណត្តិដឹកនាំ​របស់ក្រុមប្រឹក្សា​អាណត្តិ​ទី២​ការងារសេសសល់ក្នុងទិសដៅការងាររយៈពេល៣ខែកន្លងមក។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយ​មានជ័យបានផ្តោតការយកចិត្តទុកដាក់ដោយជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការថែរក្សា​ការពារសន្តិសុ​ខ​សណ្តាប់ធ្នាប់សង្គមជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរនោះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា សភាពការណ៍​សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមនៅទូទាំងខេត្តមានលក្ខណៈល្អ​ប្រសើរដោយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានសហការគ្នាប្រមូល ផ្តុំនូវវិធានជំនាញនៅក្នុងការចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើស គ្រប់ប្រភេទ និងបាតុភាពអសកម្មផ្សេងៗនៅក្នុងសង្គមប្រកបដោយស្មារតីទទួលខុសត្រូវនិង​មានភាពអត់ធ្មត់។
​​ ជាមួយនេះដែរ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យក៏បានធ្វើការក្រើនរម្លឹកដល់​អាជ្ញាធរដែនដីមន្ទីរពាក់ព័ន្ធប្រជាកសិករឱ្យយកចិត្តទុកដាក់ជំរុញលើការងារបង្កបង្កើនផលព្រោះរដូវ​វស្សាដែលបានចូលមកដល់ហើយ។

ឯកឧត្តមបានជំរុញដល់មន្ទីរកសិកម្ម ធនធានទឹក និងឧតុនិយម អាជ្ញាធរស្រុក ក្រុង​ឃុំសង្កាត់ត្រូវយកចិត្តទុកដាក់ក្នុងការចុះតាមដានពិនិត្យមើលលើសកម្មភាពការងារដាំដុះស្រូវវស្សានោះឱ្យបានជាប់លាប់ដើម្បីរួមចំណែកជាមួយប្រជាកសិករយើងសំដៅជួយពន្លឿការងារដាំដុះនេះឱ្យបានទាន់រដូវកាលព្រោះអីមកដល់ពេលនេះនៅខេត្តបន្ទាយមានជ័យមានតំបន់ខ្លះទទួលបានទឹកភ្លៀង​ច្រើនតំបន់ខ្លះក៏មិនទាន់បានជោកជាំនៅឡើយ ដែលនេះទាមទារឱ្យ​មន្ទីរជំនាញត្រូវយកចិត្តទុកដាក់នោះ៕

ដោយ ឈុន សារ៉ាត