ព្រឹទ្ធសភាបើកកិច្ចពិភាក្សា និងអនុម័តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ -ព្រឹទ្ធសភាបើកសម័យប្រជុំពេញអង្គដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់ គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលមាន ចំនួន៩ជំពូក និង៧២មាត្រា។ ការពិភាក្សា និងអនុម័តធ្វើឡើងក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៤ ព្រឹទ្ធសភា​នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងមកនេះ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីការគ្រប់ គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលមាន៩ជំពូក និង៧២មាត្រា និងមានខ្លឹមសារ  សង្ខេបសំខាន់ៗ ដូចខាងក្រោម៖ ជំពូកទី១. បទប្បញ្ញត្តិទូទៅ មាន៤មាត្រា (ពីមាត្រា១ ដល់ មាត្រា៤) ជំពូកទី១នេះ ចែងអំពីគោលបំណង គោលដៅ វិសាលភាព និងវាក្យសព្ទបច្ចេក ទេសសំខាន់ៗ ដែលប្រើក្នុងច្បាប់នេះ ។ ជំពួកទី២. សមត្ថកិច្ចនិងការគ្រប់គ្រង មាន៣មាត្រា (ពីមាត្រា៥ ដល់មាត្រា៧) ជំពូកទី ២នេះ ចែងអំពីសមត្ថកិច្ច និងការគ្រប់គ្រងវិស័យប្រេងកាត និងគោលការណ៍ក្នុងការគ្រប់គ្រងក្នុងវិស័យប្រេងកាត។ ជំពូកទី៣. ការគ្រប់គ្រងសកម្មភាព ផ្នែកអាប់ស្រ្ទីម មាន២៦មាត្រា (ពីមាត្រា៨ ដល់ មាត្រា៣៣) ជំពូកទី៣នេះ​ចែងអំពីការគ្រប់ គ្រង​លើសកម្មភាពផ្នែកអាប់ស្រ្ទីមដែលរួមមានបុរេសនាការស្វែងរុករក ការអភិវឌ្ឍ និងការធ្វើ ផលិតកម្ម​ប្រេងកាត។ ។ ជំពូកទី៤. ការគ្រប់គ្រងចំណូលរដ្ឋពីប្រេងកាត និងភាគលាភរបស់រដ្ឋ មាន៥មាត្រា (ពីមាត្រា៣៤ ដល់មាត្រា៣៨)។ ជំពូកទី៤នេះ ចែងអំពីសិទ្ធិរបស់រដ្ឋក្នុង​ការចូល រួមភាគហ៊ុនក្នុងប្រតិបត្តិការប្រេងកាតសិទ្ធិ ក្នុងការទទួលចំណូល និងកាតព្វកិច្ចហិរញ្ញវត្ថុនានា របស់អ្នកចុះកិច្ចព្រមព្រៀងប្រេងកាត និងការបង្កើត សហគ្រាសសាធារណៈ ដើម្បីធ្វើធុរកិច្ច​ក្នុងវិស័យប្រេងកាត។ ជំពូកទី៥. ការគ្រប់គ្រងសកម្មភាពផ្នែកដោនស្រ្ទីម មាន១២មាត្រា (ពីមាត្រា៣៩ ដល់ មាត្រា៥១)។ជំពូកទី៥នេះ ចែងអំពីការគ្រប់គ្រងលើសកម្មភាពផ្នែកដោន​ស្ងៀម​ដែលរួមមាន ការធ្វើប្រព្រឹត្តិកម្ម ការដឹកជញ្ជូន សន្និធិ និងពាណិជ្ជកម្មប្រេងកាត និង​ផលិតផលប្រេងកាត។ ជំពូកទី៦. អធិការកិច្ច មាន៦មាត្រា (ពីមាត្រា៥១ ដល់ មាត្រា៥៦) ជំពូកទី៦នេះ ចែងអំពីសមត្ថកិច្ចរបស់មន្ត្រីអធិការកិច្ចប្រេងកាតទាំងផ្នែកអាប់ស្ងៀម និងផ្នែក ដោនស្រ្ទីម និងការផ្តល់នីតិស ម្បទាជានគរបាលយុត្តិធម៌ដល់មន្ត្រីអធិការកិច្ចប្រេងកាត។ ជំពូកទី៧. ទោសបញ្ញត្តិ មាន១២មាត្រា (ពីមាត្រា៥៧ ដល់ មាត្រា៦៨) ) ជំពូកទី៧នេះ ចែង អំពីទណ្ឌកម្មលើបទល្មើសក្នុងវិស័យប្រេងកាត រួមមាន ការដកហូតឬ ព្យួរសិទ្ធិដែលផ្ដល់​ក្រោមច្បាប់នេះ ការជួសជុលការខូចខាត ការផាកពិន័យ ការរឹបអូសវត្ថុតាង និងទោស ពាក់ព័ន្ធនានា។ ជំពូកទី៨. អន្តរបញ្ញត្តិ មាន២មាត្រា(ពីមាត្រា៦៩ ដល់ មាត្រា៧០) ជំពូក​ទី៨នេះ ចែងអំពីការបើកលទ្ធភាពឱ្យបុគ្គលដែលបានទទួលការអនុញ្ញាតនានាំមុន ច្បាប់នេះ​ចូល​ជាធរមាន ដើម្បីធ្វើការកែសម្រួលឱ្យស្របតាមបទបញ្ញត្តិនៃច្បាប់នេះ។ ជំពូកទី៩: អវសានបញ្ញត្តិ មាន២មាត្រា (ពីមាត្រា៧១ ដល់ មាត្រា៧២) និង ជំពូកទី ៩. ចែងអំពីការ​និរាករណ៍ច្បាប់និងបទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹង ច្បាប់នេះ និងការប្រកាសឱ្យប្រើ ច្បាប់ជាការប្រញាប់៕

ដោយ ប៊ុនរិទ្ធ