ក្រសួងសេដ្ឋកិច្ចបង្ហាញយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់រយៈពេល៦ឆ្នាំខាងមុខ

AKPភ្នំពេញថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩ — អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀប ចំសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោម​ជាតិ សម្រាប់រយៈពេល៦ឆ្នាំខាងមុខគឺចាប់ពីឆ្នាំ២០១៩-២០២៥។ ក្នុងពិធីផ្សព្វផ្សាយខ្លឹម​សារយុទ្ធសាស្ត្រខាងលើនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ ថវិការដ្ឋបាល ថ្នាក់ក្រោមជាតិនេះមានទិសដៅពង្រឹង និងពង្រីកការអនុវត្ត ថវិកាកម្មវិធី ជាបណ្តើរៗ ដើម្បីធានាឱ្យបានការផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ជាពិសេស គោលបំណងគោលនយោបាយរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតម្រឹមជាមួយនឹងគោលបំណង និងអាទិភាគោលនយោបាយជាតិ។ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងបីកម្រិត នឹងត្រូវធ្វើឱ្យការ​គ្រោង​ផែនការសកម្មភាពមានលក្ខណៈប្រមូលផ្តុំ ដើម្បីតម្រង់ទិស, បែងចែកមុខងារ និង​កំណត់ការទទួលខុសត្រូវឱ្យកាន់តែច្បាស់លាស់ជាងមុន សម្រាប់ជាមូលដ្ឋានក្នុងការតម្រឹម​ជាមួយផែនការរបស់មន្ទីរជំនាញរាជធានី ខេត្ត។
ខ្លឹមសារយុទ្ធសាស្ត្រក៏មានទិសដៅធ្វើការកែ​លម្អ និងផ្លាស់ប្ដូរជាជំហានៗវដ្ដថវិកានៃរដ្ឋបាលរាជធានី ខេត្ត, ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដោយត្រូវតម្រឹមជាមួយនឹងវដ្ដថវិកាជាតិ ពិសេស កំណត់ឱ្យបានត្រឹមត្រូវច្បាស់លាស់ អំពីសិទ្ធិអំណាច និងការទទួលខុសត្រូវនៅក្នុងដំណាក់កាលនៃវដ្តថវិកានិងបង្កើតតួនាទីត្រួត ពិនិត្យថវិកា ដោយផ្តល់អំណាច និងការទទួលខុសត្រូវរួម និងផ្ទាល់ដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រមូលផ្ដុំមុខងារត្រួតពិនិត្យហិរញ្ញវត្ថុ និងកិច្ចលទ្ធកម្ម ក្នុងការត្រួតពិនិត្យ ថវិកាមន្ទីរជំនាញ និងថវិការដ្ឋបាលរាជធានី ខេត្ត។ ទន្ទឹមនឹងនេះ ខ្លឹមសារយុទ្ធសាស្ត្រនោះ ក៏មានទិសដៅផ្តល់សិទ្ធិស្វ័យសម្រេច និងទទួលខុសត្រូវ ចំពោះការអនុវត្តថវិការដ្ឋបាលក្រុង ស្រុក និងថវិការដ្ឋបាលឃុំ សង្កាត់ ប៉ុន្តែជាកម្មវត្ថុនៃការត្រួតពិនិត្យក្រោ យចំណាយដោយ រតនាគាររាជធានី ខេត្ត ក្នុងមុខងារជាគណនេយ្យករសាធារណៈ ព្រមជាមួយនឹងការ ពង្រឹង មុខងារអធិការកិច្ចជាយថាហេតុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាយន្ដការប្រតិតុល្យការ និងធ្វើស្ថាប័ននីយកម្មជាបណ្តើរៗរបបរបាយការណ៍ហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ និងបង្កើន សមត្ថភាពថ្នាក់ក្រោមជាតិឱ្យធ្វើរបាយការណ៍លទ្ធផលនៅថ្នាក់រដ្ឋបាលរាជធានី ខេត្ត។ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥ ដែលត្រូវ បានរាជ- រដ្ឋាភិបាលអនុម័តនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ និងត្រូវបានប្រកាសដាក់ឱ្យ អនុវត្តន៍ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩, គឺជាឯកសារតម្រង់ទិស ដែលបានកំណត់អំពីទិសដៅ និងក្របខ័ណ្ឌពេលវេលាច្បាស់លាស់ និងបានដាក់ចេញផែន​ការ​សកម្មភាពកែទម្រង់ដែលមានសង្គតិភាពជាមួយនឹងប្រព័ន្ធថវិកាជាតិ ដោយផ្សាភ្ជាប់នឹង អភិក្រម សាមញ្ញ ទន់ភ្លន់ តម្លាភាព និងគណនេយ្យភាព ស្របទៅតាមសមត្ថភាព និង​បរិការណ៍ជាក់ស្តែងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រៅពីការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាល​ថ្នាក់ ក្រោមជាតិ, យុទ្ធសាស្រ្តនៃការកែទម្រង់នេះក៏បានកំណត់គោលបំណង និងគូសវាសផ្លូវនៃ​ការ កែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ដោយធ្វើការពន្លឿន និងកែសម្រួលនីតិវិធីលទ្ធកម្មសាធារណៈ តាមអភិក្រមជាជំហានៗ និងមានសង្គតិភាព​ ជាមួយ​ទិសដៅនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ៕

ដោយ គង់ សិរីរ័ត្ន