សម្តេចព្រះមហាក្សត្រី ព្រះរាជទានអំណោយចំនួន១ម៉ឺនដុល្លារអាម៉េរិក ជួយដល់ជនរងគ្រោះ​​​ពីការបាក់រលំអគារនៅក្រុងព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ — សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់សព្វព្រះរាជ​ហឫទ័យ ប្រទានថវិកាចំនួន១ម៉ឺនដុល្លារអាម៉េរិក ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយ​ជនរងគ្រោះពីការបាក់រលំអគារកម្ពស់៧ជាន់ កំពុងសាងសង់ នៅក្រុងព្រះសីហនុ កាលពីថ្ងៃ​សៅរ៍កន្លងទៅថ្មីៗនេះ។ ការប្រកាសផ្ដល់ជូននូវព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី នេះ ធ្វើឡើងក្នុងខណៈពេលដែលគណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង​អភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន ដែលដឹកនាំដោយ លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ អញ្ជើញ​ចូលគាល់ ដើម្បីថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន​ព្រះជន្ម​គម្រប់៨៣ យាងចូល៨៤ ព្រះវស្សា នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ កាលពីព្រឹក​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

នាឱកាសនោះ សម្តេចព្រះមហាក្សត្រី ទ្រង់មានព្រះរាជបន្ទូលថា ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី មានសេចក្តីសោកសៅយ៉ាងខ្លាំង បន្ទាប់ពីដឹងព័ត៌មានអំពីឧបទ្ទវហេតុរលំអគារ​នៅក្រុងព្រះសីហនុនេះ ហើយទ្រង់ទាំងទ្វេបានសម្តែងនូវការចូលរួមរំលែកទុក្ខជាមួយគ្រួសារ សព និងសូមបួងសួង ឱ្យអ្នកដែលរងរបួស ឆាប់បានជាសះស្បើយឡើងវិញ។

សម្តេចព្រះមហាក្សត្រី ក៏បានសម្តែងនូវការកោតសរសើរចំពោះសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឆ្លើយតបភ្លាមៗចំពោះគ្រោះមហន្ត រាយនេះ។

យោងតាមតួលេខចុងក្រោយបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់២៥នាក់ ក្នុងនោះស្រ្តី៤នាក់ និងអ្នករបួស មានចំនួន២៤នាក់ ក្នុងនោះស្រ្តី២នាក់។ សកម្មភាពជួយសង្គ្រោះដល់ជនរងគ្រោះនៅតែបន្ត យ៉ាងសកម្ម រហូតដល់យកជនរងគ្រោះចេញអស់ពីក្រោមគំនរបាក់បែក នៃអគារបាក់រលំ នោះ៕

ដោយ នីកា