អភិបាលរាជធានីភ្នំពេញ ចូលរួមប្រកាសដាក់ឱ្យដំណើរការរដ្ឋបាល និងប្រកាសមុខ តំណែងប្រធានក្រុមប្រឹក្សាខណ្ឌកំបូលថ្មី

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩

អនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបង្កើតរដ្ឋបាលខណ្ឌថ្មី​ចំនួនពីរ បន្ថែមទៀតដែលបំបែកសង្កាត់មួយចំនួនចេញពីខណ្ឌចាស់នោះ ឯកឧត្ដម ឃួង ស្រេង​ អភិបាល​រាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីប្រកាស ស្តីពីការ​បង្កើត និងដាក់អោយដំណើរការរដ្ឋបាលខណ្ឌ និងប្រកាសមុខតំណែង ប្រធាន និងសមាជិក​ក្រុមប្រឹក្សាខណ្ឌកំបូលទាំង១៧រូប កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលខណ្ឌថ្មី ក៏ដូចជា​ក្រុមប្រឹក្សា ដែល​ទើបនឹងទទួលបានការគាំទ្រពីការបោះឆ្នោតជ្រើសរើស ជាប្រធាន និងសមាជិក ក្រុមប្រឹក្សា​ខណ្ឌកំបូល អាណត្តិទី៣ ត្រូវពង្រឹងការគ្រប់គ្រង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អ តាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្រសួងមហាផ្ទៃ សំដៅបម្រើ ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ជំរុញ​ការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងតម្លាភាព។ ឯកឧត្ដមបន្ដថា  បើទោះជា​ខណ្ឌ​កំបូលទើបតែបង្កើតថ្មីក៏ដោយ ប៉ុន្តែមន្រ្តីបម្រើការគ្រប់ផ្នែក ក្នុងរដ្ឋបាលខណ្ឌនេះ ភាគច្រើន​ជាមន្រ្តីដែលចេញមកពីខណ្ឌចាស់ ទាំងមន្រ្តីរដ្ឋបាលសាធារណៈ​និងកម្លាំងមានសមត្ថកិច្ច​ជាពិសេស ប្រធាន និងសមាជិកទាំង១៧រូប របស់ក្រុមប្រឹក្សាខណ្ឌ ជាមន្រ្តីដែលធ្លាប់បម្រើ​ការងារក្រោមរដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ។ ដូច្នេះត្រូវប្រឹងប្រែងបម្រើ​ប្រជាជន​ឱ្យបានល្អទ្វេដង តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបាន​លើក​ឡើងកាលពីពេលកន្លងទៅនេះ។

ជាមួយគ្នានោះ ឯកឧត្ដមអភិបាលបានជម្រាបជូនពីគោលបំណង ដែលរាជរដ្ឋាភិបាល សម្រេចបង្កើតខណ្ឌថ្មីទាំងពីរនេះឡើងមិនមែន ដើម្បីចែកអំណាចគ្នានោះទេ គឺចង់ឱ្យអភិ បាល​​ខណ្ឌ ក៏ដូចជាក្រុមប្រឹក្សាទាំងអស់ បានចុះទៅឱ្យបានកៀកជាមួយប្រជាជន និងដោះ​ស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពិសេស​អ្នក​រស់នៅជាយៗរាជធានីភ្មំពេញ ទាំងការបម្រើសេវាសាធារណៈ បញ្ហាការការពារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យជាដើម ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។

សូមបញ្ជាក់ថា ខណ្ឌកំបូល ត្រូវបានបង្កើតឡើងតាមអនុ ក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ ដោយបំបែកចេញពីខណ្ឌពោធិ៏សែនជ័យ និងខណ្ឌ​ដង្កោ ក្នុងនោះមានសង្កាត់ចំនួន៧ គឺសង្កាត់កំបូល, សង្កាត់កន្ទោក, សង្កាត់ស្នោ, សង្កាត់ ភ្លើងឆេះរទេះ, សង្កាត់ប្រទះឡាង​, សង្កាត់​ឪឡោក និងសង្កាត់បឹងធំ ៕

ដោយ សួស សំរិត