គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបជុំគ្នាជាមួយសមាជិក សមាជិកា នៅលើទឹកដីខេត្ត​សៀមរាប

AKP សៀមរាប ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ —

គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបជុំគ្នានៅទឹកដីខេត្តសៀម រាបក្នុងការប្រមូលស្វែងរក ធាតុចូលបន្ថែមទៀត ដើម្បីផ្សារភ្ជាប់ផែនការការងារឱ្យ​ស្របតាម​ការវិវត្តជាក់ស្តែងរបស់សង្គម និងបរិបទ នៃ​បដិវត្តន៍​ឧស្សាហកម្មទី៤ នាថ្ងៃអនាគត។

សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហ​ព័ន្ធយុវ​ជនកម្ពុជា ក្រោមការ ដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា រួមជាមួយនឹងសមាជិក-សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មា ធិការកណ្តាល, សមាជិក-សមាជិកា គណៈកម្មាធិការកណ្តាល, រួមទាំងវត្តមានចូលរួមរបស់ សមាជិក-សមាជិ​កាសហភាពសហព័ន្ធយុវជនកម្ពុជាសរុបចំនួន៣៥០នាក់ នៅសាលសន្និសីទសណ្ឋាគារសុខា ខេត្ដ​សៀមរាប នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះបាន​ប្រព្រឹត្តទៅរ​យៈ​ពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណង  ដើម្បីស្តាប់​របាយ​ការណ៍ការងារក្រោយពេលមហាសន្និបាតលើទី៤ រហូតមកដល់ បច្ចុប្បន្ន តាមដានវឌ្ឍន ភាពការងារ និងកំណត់ទិសដៅសកម្មភាពការងារបន្តស្របតាមសេចក្តីសម្រេចរបស់​មហា​សន្និបាត និងផែនការយុទ្ធសាស្ត្រ«ចលនាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២៣។

ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ​​យ៉ាង​ខ្លាំងចំពោះការចូលរួមរបស់ សមាជិក សមាជិការ ដែលបានចំណាយពេលវេលា​ដ៏មាន​តម្លៃធ្វើដំណើរមកពីគ្រប់ទិសទី ចូលរួមជាមួយគ្នាក្នុងកិច្ចជួបជុំ ជាមួយគ្នាក្នុង​នាមក្រុមគ្រួសារ​សហភាពសហព័ន្ធយុវជន។ ឯកឧត្តមបានបញ្ជាក់ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សហភាព​សហ​ព័ន្ធយុវជនកម្ពុជា របស់យើងនឹងរួមគ្នាសម្រេចបានលទ្ធផល និងសមិទ្ធផលយ៉ាងប្រសើរ និងបរិបូណ៍បន្ថែមទៀត និងត្រៀមខ្លួនរួចរាល់ សម្រាប់ចក្ខុវិស័យ និងសកម្មភាពសហភាព​សហព័ន្ធ​យុវជនកម្ពុជា ទៅអនាគត”។

សូមជម្រាបផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា បានកំពុងដើរតួយ៉ាងសំខាន់​ក្នុងការជំរុញឱ្យយុវជនចូលរួមក្នុង កិច្ចការងារ សង្គមក្រោមស្មារតី២ធ្នូ និងបានលើកទឹក​ចិត្ត​យុវជនឱ្យរក្សាជំហរគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា តាមរយៈការបណ្តុះ​ស្មារតីសាមគ្គីភាព ពង្រឹងការរួបរួមគ្នា និងការពួតដៃគ្នាក្នុងនាមយុវជនខ្មែរដែលជាធន​ធាន​ពោរ​ពេញដោយចំណេះដឹង និងសមត្ថភាព ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេច​ឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីប្រជាជន និងអនាគតកម្ពុជា៕

ដោយ ឃុត សៅ