សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ នៅប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ —

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេសេ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលប្រព្រឹត្តទៅពីថ្ងៃទី ២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែលតបតាមការអញ្ជើញរបស់ឯកឧត្ដម ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។

អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏ឃើញមានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាស នោះផងដែរ។ ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីរួមមាន ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ធ្វើឡើងក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។ កិច្ចប្រជុំនេះនឹងផ្តោតការយកចិត្តទុកដាក់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ុស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។ កិច្ចប្រជុំកំពូលនេះ ក៏នឹងរិះរកមធ្យោបាយនានា ក្នុងការធ្វើឱ្យអាស៊ានឈានទៅកាន់កម្រិតខ្ពស់ថែមទៀតប្រកបដោយចីរភាព និងមានការតភ្ជាប់ដោយរលូន។ ស្របពេលជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងកម្មវិធីមួយចំនួន ដូចជា កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន។ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៩ របស់ក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី២៣ របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដែលកិច្ចប្រជុំទាំងនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ ២០១៩។

មានការរំពឹងទុកថា លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នឹងឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែង របស់អាស៊ានក្នុងការជំរុញ ដំណើរការកសាងសហគមន៍ និងលើកកម្ពស់ភាពជាដៃគូ របស់អាស៊ានសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងចំណោមបញ្ហាផ្សេងៗទៀត ដើម្បីសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែង ក្នុងតំបន់ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនអាស៊ាន។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩៕
ដោយ ជឹម ណារី