អ្នកនាំពាក្យក្រសួងការពារជាតិ លើកឡើងថា ព័ត៌មានក្លែងក្លាយនៅតែបន្តកើតមាន និងជិះឥទ្ធិពលអាក្រក់ដល់ការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្ដម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាន លើក ឡើងថា ការប្រឌិតរឿងក្លែងក្លាយតាមបណ្តាញសង្គម នៅតែបន្តកើតមានជាបន្តបន្ទាប់ ដែលជះឥទ្ធិពលអាក្រក់ដល់ការផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ នៅកម្ពុជា ក៏ដូចជានៅលើ ពិភពលោក។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅថ្ងៃទី២១ មិថុនា ឆ្នាំ២០១៩។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានគូសបញ្ជាក់ថា កន្លងទៅនេះ ក្រុមទុច្ចរិតបាន ប្រើប្រាស់រូបភាពថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្នុងគណនីហ្វេសប៊ុក ក្លែងក្លាយរបស់ពួកគេ ដើម្បីផ្សព្វផ្សាយវាយប្រហារមួលបង្កាច់មកកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បង្កឱ្យសាធារណ ជនទាំងជាតិ និងអន្តរជាតិ មានការភាន់ច្រឡំ ប៉ុន្តែព័ត៌មានទាំងនេះ ក៏ត្រូវបានច្រានចោល ភ្លាមៗជាមួយនឹងការបំភ្លឺការពិតផងដែរ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍បានបន្ដថា យើងឃើញថា ក្រុមទុច្ចរិត បានបន្តផ្សព្វផ្សាយមួលបង្កាច់មកលើថ្នាក់ដឹកនាំក្រសួងការពារជាតិយើងថែមទៀត ដោយបានប្រឌិតព័ត៌មានថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ មានលុយ ១០០លានដុល្លារ តម្កល់នៅធនាគារអាម៉េរិក។ ត្រង់ចំណុចនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា នេះជាគឺជាដំណឹងមិនពិតទាល់តែសោះ ដែលក្រុមទុច្ចរិតបង្កើតឡើង ដើម្បីតែលាបពណ៌ បំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តែប៉ុណ្ណោះ ដូច្នេះ សូមសាធារណជនទាំងអស់ កុំមានការភាន់ច្រឡំ។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានបន្ថែមថា ទន្ទឹមគ្នានឹងក្រុមទុច្ចរិតបង្កើតនូវព័ត៌មានក្លែងក្លាយកាន់តែច្រើន។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានបន្ថែមថា “យើងទាំងអស់គ្នា ដែលជាមនុស្សសុច្ចរិត ក៏ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះផងដែរ ដូចដែលប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងជំនួបជាមួយអ្នកសារព័ត៌មានកន្លងមកថា ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ គឺត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតចេញមក”៕

ដោយ ចាន់ សុធីវង្ស