ក្រុមប្រឹក្សាធម្មនុញ្ញបោះឆ្នោតបន្តជ្រើសរើសឯកឧត្ដម អ៊ឹម ឈុនលឹម ជាប្រធានថ្មីសម្រាប់អាណត្តិ៣ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ — បន្ទាប់ពីពិធីផ្ទេរតំណែងបានបញ្ចប់សព្វគ្រប់រួចមក ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានរៀបចំពិធី​បោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិ៣ ឆ្នាំ លើកទី៨(២០១៩-២០២២) ដោយមានការអញ្ជើញចូលរួមរបស់សមាជិកក្រុមប្រឹក្សាធម្ម​នុញ្ញដែលមានអាយុច្រើនជាងគេ។

ឯកឧត្ដម អ៊ឹម ឈុនលឹម ដែលជាបេក្ខជនឈរឈ្មោះជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់អាណត្តិ៣ឆ្នាំ លើកទី៨(២០១៩-២០២២) ត្រូវបានកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សា ធម្មនុញ្ញ បោះឆ្នោតជាសម្ងាត់ជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា សម្រាប់អាណត្តិ៣ ឆ្នាំ លើកទី៨ (២០១៩-២០២២) ដោយសំឡេង ០៩ សំឡេង លើ ០៩ សំឡេង។

ថ្លែងក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៣ ឆ្នាំ លើកទី៨ កាលពីព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៩នៅក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្ដម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញដែលទើបជាប់ឆ្នោតថ្មីសម្រាប់អាណត្តិ៣ឆ្នាំ លើកទី៨ (២០១៩-២០២២) បានធ្វើការប្តេជ្ញាចិត្តថា នឹងគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជាផ្ទៃក្នុង​របស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ឯកឧត្ដមបានបន្ដថា នឹងខិតខំបំពេញតួនាទី ដែលជាសមត្ថកិច្ច របស់​ក្រុមប្រឹក្សាធម្មនុញ្ញ គឺការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការកសាងការពារព្រះ រាជាណាចក្រកម្ពុជាឱ្យក្លាយទៅជានីតិរដ្ឋ និងអភិវឌ្ឍន៍។

ជាមួយគ្នានេះដែរ មុននឹងឈានដល់ការបោះឆ្នោត ក៏មានការរៀបចំពិធីផ្ទេរតំណែង​សមាជិក សមាជិកា ក្រុមប្រឹក្សាធម្មនុញ្ញចំនួន០៣ រូប ដែលបានចប់អាណត្តិ (២០១០-២០១៩) គឺ សម្ដេចនរោត្តម សិរីវុឌ្ឍ ឯកឧត្ដម មឹន ស៊ាន និងឯកឧត្ដម ហ៊ី សោភា (ដែលចប់អាណត្តិ ២ ឆ្នាំជំនួសលោកជំទាវ ចែម វេយ្យរិទ្ធ) និងចូលកាន់តំណែងជាសមាជិក សមាជិកាក្រុមប្រឹក្សា​ធម្មនុញ្ញអាណត្តិថ្មី២០១៩-២០២៨ ចំនួន៣រូប គឺទី១ ឯកឧត្ដម ហ៊ី សោភា ដែលត្រូវបានឧត្តម​ក្រុម ប្រឹក្សានៃអង្គចៅក្រមបោះឆ្នោតជ្រើសតាំងជាថ្មីជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់ អាណត្តិ៩ឆ្នាំ(២០១៩-២០២៨) ទី២ លោកជំទាវ លី វួចឡេង ដែលត្រូវរដ្ឋសភាជាតិបោះឆ្នោត ជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៩ឆ្នាំ(២០១៩-២០២៨) និងទី៣ ឯកឧត្ដម កែវ ពុធរស្មី ដែលបានតែងតាំងដោយអង្គព្រះមហាក្សត្រ ជាសមាជិកក្រុមប្រឹក្សា​ធម្មនុញ្ញសម្រាប់អាណត្តិ ៩ ឆ្នាំ (២០១៩-២០២៨)។

គូរបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកចំនួន៩រូប រួមមាន ១. ឯកឧត្ដម អ៊ឹម ឈុនលឹម ជាប្រធាន ២.ឯកឧត្ដម អ៊ឹម សួស្តី ជាសមាជិក  ៣. ឯកឧត្ដម កែវ ពុធរស្មី ៤.ឯកឧត្ដម អ៊ុក ឈន ៥. ឯកឧត្ដម ហ៊ី សោភា ៦. លោកជំទាវ លី វួចឡេង ៧. សម្តេចនរោត្ដម ចក្រពង្ស់ ៨. សម្តេចនរោត្តម បុប្ផាទេវី  និង៩.ឯកឧត្ដម សំ ព្រហ្មនា៕

ដោយ ប៊ុនរិទ្ធ