ពិធីប្រកាសស្ដីពីការបង្កើតនិងដាក់ឱ្យដំណើរការដ្ឋបាលស្រុកតាំងគោក

AKP កំពង់ធំ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ -រដ្ឋបាលស្រុកតាំងគោក ត្រូវបានធ្វើពិធីប្រកាសបង្កើតនិងដាក់ឱ្យដំណើរការក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។

បន្ទាប់ពីឯកឧត្តម ឈុន ឈន់បានថ្លែងសុន្ទរកថា និងលើកឡើងពីកិច្ចការសំខាន់ៗ ដែលក្រុមប្រឹក្សាស្រុកអាណត្តិទី៣ ចាំបាច់ត្រូវធ្វើបន្ទាន់ បន្ទាប់ពីបានចូលកាន់តំណែងរួចមក ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា គណៈអភិបាលក្រុង ស្រុក និងក្រុមប្រឹក្សាត្រូវចាត់ទុកថា ទាំងពីរ គឺជាអង្កតែមួយ ត្រូវធ្វើយ៉ាងណាឱ្យការងាររបស់​រដ្ឋបាលស្រុកនេះ ដំណើរការទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម សុខ លូ ក៏បានលើកឡើងថា ថ្វីដ្បិតតែស្រុកតាំងគោកនេះមិនទាន់មានការិយាល័យច្រកចេញ-ចូលតែមួយ ហើយក៏ដូចស្រុកដទៃទៀតទូទាំងខេត្ត ដែលមិនទាន់មានអាគារច្រកចេញ-ចូលតែមួយ តែត្រូវអនុវត្តន៍ការងារតាមយន្តការច្រកចេញ-ចូលតែមួយ។ រីឯមន្ត្រីរាជការដែលទទួលបន្ទុកការងារច្រកចេញ-ចូលតែមួយ ត្រូវខិតខំកែសម្រួលឥរិយាបថក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានសមស្របតាមអ្វីដែលរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត ស្រុកចង់បាន។ ត្រូវចាំថា មន្ត្រីរាជការមិនមែនជាចៅហ្វាយនាយទេ តែគឺជាអ្នកបម្រើដ៏ល្អរបស់ប្រជាពលរដ្ឋរបស់យើង។

ឯកឧត្តម សុខ លូ ក៏បានបញ្ជាក់ថា ក្រុមប្រឹក្សាគឺធ្វើការងារតាមរយៈប្រជុំ រីឯគណៈអភិបាលត្រូវរាយការណ៍ជូនក្រុមប្រឹក្សារបស់ខ្លួន អំពីលទ្ធផលការងរ ប្រចាំខែជូនក្រុមប្រឹក្សា ដើម្បីបានជ្រាប។ យើងសង្ឃឹមថា ការសាមគ្គីភាព ឯកភាពនៅក្នុងក្រុមប្រឹក្សា ជាមួយគណៈអភិបាល នឹងប្រព្រឹត្តទៅដោយរលូន និងបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋយើង បានកាន់តែល្អជាក់ជាមិនខាន ដើម្បីទទួលបានការទុកចិត្ត និងការស្រឡាញ់ចូលចិត្តពីបងប្អូនប្រជាពល រដ្ឋ ។

សូមបញ្ជាក់ថា ស្រុកតាំងគោកជាស្រុកមួយទើបបង្កើតថ្មី ដែលត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការបង្កើតស្រុកតាំងគោក នៃខេត្តកំពង់ធំ លេខ០៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ មានចំនួន ៨ឃុំដែលកាត់ចេញពីស្រុកបារាយ ណ៍ដោយមានលោក ប៊ុន ឈួន ជាប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាចំនួន ១៨រូប និងលោក ហាក់ ម៉ុងហួត ជាអភិបាលស្រុក រួមជាមួយគណៈអភិបាលរង ៤រូប និងនាយករដ្ឋបាល ១រូប ៕

ដោយ ស៊ុម វណ្ណា