រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្ត បង្កើនការយកចិត្តទុក​ដាក់ប្រើប្រាស់រថយន្ដគ្លីនិកចល័ត ដើម្បីចុះផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យប្រធានមន្ទីរសុខាភិបាលគ្រប់រាជធានី-ខេត្ត បង្កើន​ការយកចិត្តទុក​ដាក់ ប្រើប្រាស់រថយន្ដគ្លីនិកចល័ត ដើម្បីចុះផ្ដល់សេវាសុខាភិបាលជូនពលរដ្ឋ​នៅតាម​មូលដ្ឋានឱ្យបានត្រឹមត្រូវ។ ការជំរុញរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាលនេះ ធ្វើឡើង បន្ទាប់ពីមានករណីរថយន្តសង្គ្រោះបន្ទាន់មួយចំនួនមានទាំងគ្លីនិកឯកជន និងរថយន្ត​សង្គ្រោះ បន្ទាន់របស់រដ្ឋមិនសូវយកចិត្ដទុកដាក់ចំពោះអ្នកជំងឺដែលជួបគ្រោះថ្នាក់ ពិសេស​នោះ​អ្នកក្រីក្រ នាពេលកន្លងមក។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលផ្ញើជូនលោក លោកស្រីប្រធានមន្ទីរ សុខាភិបាលរាជធានី-ខេត្តកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩បានឱ្យដឹងថា ក្រសួងសុខាភិ បាលបានបែងចែករថយន្តគ្លីនិកចល័ត(Mobile clinic)ដែលជាជំនួយឥតសំណងរបស់សាធារ ណរដ្ឋប្រជាមានិតចិន ជូនមន្ទីរសុខាភិបាលរាជធានី ខេត្តសម្រាប់ប្រើប្រាស់ក្នុងការផ្ដល់សេវា​សុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ក្នុងលិខិតក៏បានគូសបញ្ជាក់ថា “ដើម្បី បង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក្រសួងសុខាភិបាល ស្នើ ដល់​ប្រធានសុខាភិបាលរាជធានី ខេត្ដ ចាត់ចែងរៀបចំប្រើប្រាស់រថយន្ដគ្លីនិក ចល័តចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ទៅតាមពេលវេលាសមស្របរបស់មន្ទីរសុខាភិបាល រាជធានី-ខេត្តនីមួយៗ”។ ជាមួយគ្នានេះដែរ ត្រូវយកចិត្តទុកដាក់ពិនិត្យ ថែទាំរថយន្ដ និងសម្ភារ ​បរិក្ខារ ពេទ្យក្នុងរថយន្ដជាប្រចាំស្របតាមលក្ខណៈបច្ចេកទេស៕

ដោយ ប៊ុនរិទ្ធ