ក្រុមហ៊ុនអន្តរជាតិ Buhler នឹងនាំយកបច្ចេកវិទ្យាទំនើប ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃស្រូវ អង្ករកម្ពុជា និងជំរុញការនាំចេញ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៩ — តំណាងក្រុមហ៊ុនលំដាប់ពិភពលោក Buhler ដែលមានការិយាល័យកណ្តាលនៅក្នុងទីក្រុង ហ្សូរិច នៃប្រទេសស្វីស គ្រោងវិនិយោគសាងសង់ឡសម្ងួត (សៃឡូ) ដែលបំពាក់ដោយ បច្ចេក វិទ្យាទំនើបឈានមុខគេនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ខ្សែចង្វាក់តម្លៃស្រូវអង្ករ និងធ្វើ ពិពិធកម្មការនាំចេញផលិតផលសម្រេច ទៅកាន់ទីផ្សារសកល ប្រកបដោយនិរន្តរភាព។ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក David Wang ប្រធានក្រុមហ៊ុន Buhler Group Asia បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រចំពោះគម្រោ​ង​វិនិយោគខាងលើ និងបានជម្រាបជូនអំពីសាវតា និងផលិតផលសំខាន់ៗរបស់ក្រុមហ៊ុន មាន​ដូចជា អាហារកែច្នៃពីគ្រាប់ធុញ្ញជាតិ, ទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារបច្ចេកវិទ្យា។ លោក បានគូសបញ្ជាក់ថា បេសកកម្មរបស់ក្រុមហ៊ុន Buhler ផ្តោតសំខាន់លើការប្រើប្រាស់បច្ចេក វិទ្យាចុងក្រោយ ដើម្បីកែច្នៃផលិតផល, បង្កើតភាពជាដៃគូជាមួយអ្នកប្រើប្រាស់, និងពង្រឹង និរន្តរភាពផលិតកម្ម ហើយនៅកម្ពុជា លោកគ្រោងនឹងវិនិយោគសាងសង់ឡសម្ងួតទំនើប ចំនួន១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន១០ ដែលអាចស្តុកទិន្នផលស្រូវប្រមាណ ១លាន​តោន និងអាចសម្ងួតស្រូវ១៣ពាន់តោន ក្នុងមួយថ្ងៃ សម្រាប់កែច្នៃជាផលិតផលចំណីអាហារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បាន សាទរចំពោះគម្រោងវិនិយោគ របស់ក្រុមហ៊ុន Buhler ដែលមានសង្គតិភាពជាមួយយុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា (CTIS) និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (IDP) ព្រមទាំងគោលដៅនៃយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញជំនឿ មុតមាំថា នៅពេលការសាងសង់បញ្ចប់ គម្រោងនេះមិនត្រឹមតែជួយពង្រឹងស្ថិរភាពតម្លៃ កសិ ផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទប់ស្កាត់ការហូរចេញស្រូវទៅកាន់ប្រទេស ជិត ខាង ជួយលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ លើសពីនេះ ឡសម្ងួតទាំងអស់ ក៏នឹងផ្តល់គុណប្រយោជន៍ធំធេងដល់ការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម​ជាតិ ដែលនឹងរួមចំណែកលើកស្ទួយកិត្តិនាមរបស់កម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕

ដោយ ម៉ៅ ចរិយា