សេចក្តីព្រាងច្បាប់ស្តីពីយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន‍នឹងមានវិសាលភាពគ្រប ដណ្តប់លើរាល់កិច្ចសន្យា

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមាន ប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន‍នឹងមានវិសាល ភាព គ្របដណ្តប់លើរាល់កិច្ចសន្យាយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលហៅកាត់ថា PPP។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី២ កាលពីថ្ងៃទី១៩​ខែមិថុនាឆ្នាំ២០១៩ ដែលបានរៀប ចំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា រាល់កិច្ចសន្យាទាំងឡាយដែលបានចុះរវាងភាគីរដ្ឋនិងភាគីឯកជនគឺដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងផ្ដល់សេវាសាធារណៈ ហើយនឹងអាចជំនួសច្បាប់ស្តីពីសម្បទាន ស្របទៅតាមស្ថានភាពនៃការវិវត្តន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក៏ដូចជានិន្នាការពិភព លោក និងតំបន់។ ឯកឧត្ដមបានបន្ដថា សេចក្តីព្រាងច្បាប់នេះ នឹងមិនមានវិសាលភាពគ្រប ដណ្តប់ លើច្បាប់ស្តីពីការវិនិយោគទេ តែសេចក្តីព្រាងច្បាប់នេះនឹងជួយបំពេញឱ្យគ្នាទៅវិញ ទៅមក។ ជារួមសេចក្តីព្រាងច្បាប់នេះ នឹងស្នើឱ្យមាន ទី១.ការរៀបចំបង្កើតយន្តការស្ថាប័ន និងកំណត់ការទទួលខុសត្រូវ ដើម្បីគ្រប់គ្រងគម្រោង PPP ជាលក្ខណៈប្រព័ន្ធ ទី២.ការរៀបចំ បង្កើតក្រប ខ័ណ្ឌ សម្រាប់រៀបចំអនុវត្តន៍ និងតាមដានគម្រោង PPP, ទី៣.ការរៀបចំបង្កើត នីតិវិធី កិច្ចលទ្ធកម្មសម្រាប់គម្រោង PPP និង ទី៤.ការកំណត់យន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ ការលើក​ទឹកចិត្តវិនិយោគ និងកាតព្វកិច្ចដទៃទៀតរបស់រដ្ឋសម្រាប់គម្រោងPPP។ ឯកឧត្តម បានគូស​បញ្ជាក់បន្ថែមថា «សេចក្តីព្រាងច្បាប់នេះ មានគោលបំណងដោះស្រាយបញ្ហា ទាំងឡាយ ពាក់ព័ន្ធនឹងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងការផ្តល់សេវាសាធារណៈ និងការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដើម្បីជំរុញការវិនិយោគឯកជន និង ស្រូបយកនូវលំហូរ ទុនបន្ថែម ទាំងពីប្រភពមកពីក្រៅប្រទេស និងទាំងពីប្រភពក្នុងស្រុក»។

ឯកឧត្តម វង្សី វិស្សុត បានឱ្យដឹងទៀតថា ការជំរុញឱ្យមានការអនុវត្តយន្តការ PPP គឺបានចង្អុលបង្ហាញនៅក្នុងមុំទី៣ នៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល-ដំណាក់​កាលទី៤ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្តថា តម្រូវការធនធានហិរញ្ញវត្ថុ ក្នុងការផ្តល់ សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាជន និងការវិនិយោគសាធារណៈលើវិស័យហេដ្ឋារចនា សម្ព័ន្ធក្នុងគោលដៅទ្រទ្រង់កំណើន និងផលិតភាពសេដ្ឋកិច្ច សម្រាប់ឈានទៅសម្រេចបាន នូវចក្ខុវិស័យជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ នឹងមានទំហំធំធេងណាស់ ហើយរដ្ឋមិនអាចរ៉ាបរងការចំណាយនេះដោយ ថវិកាជាតិទាំងស្រុងបានឡើយ។ ដូចនេះ កម្ពុជាត្រូវការគៀរគរធនធានបន្ថែមពីវិស័យឯកជន ដើម្បីសម្រាលបន្ទុកចំណាយថវិកាជាតិ។

ទន្ទឹមនេះ វិស័យឯកជនក៏អាចនឹងនាំមកនូវប្រសិទ្ធភាព, នវានុវត្តន៍, ចំណេះដឹង និងចំណេះធ្វើ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាព និងផលិតភាព ហើយ មានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀត៕

ដោយ គង់ សិរីរ័ត្ន