កិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំសាងសង់ស្ពានដែកសម្រាប់ទ្របំពង់នាំទឹក

AKP ភ្នំពេញ ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹងថា ​​កាល​ពី​ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំសាងសង់ស្ពានដែកសម្រាប់ទ្របំពង់នាំទឹកទំហំ ២ម៉ែត្រ ឆ្លងកាត់ទន្លេសាប នៅខាងជើងស្ពានព្រែកព្នៅ ដែលកិច្ចប្រជុំនេះមានការចូលរួមពីថា្នក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ។

ប្រភពដដែល​បាន​គូសបញ្ជាក់ថា​ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បី​ពិនិត្យសំណើរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើគម្រោងរៀបចំបណ្តាញបំពង់នាំទឹក ឆ្លងកាត់ទន្លេសាប ដែលមានទំហំ ២ម៉ែត្រ នៅតំបន់ស្ពានព្រែកព្នៅ។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ពេលវេលា ក្នុងការសិក្សា និងផ្តល់ធាតុចូលលើគម្រោងនេះ។ ជាមួយគ្នានេះដែរ​ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យគណៈកម្មការអន្តរក្រសួង ធ្វើការសិក្សាឱ្យបានលម្អិត ដើម្បីធានានូវសុវត្ថិភាព សោភណភាព និងនិរន្តរភាព។​

សូមបញ្ជាក់ថា​ គម្រោងរៀបចំបណ្តាញបំពង់នាំទឹក ឆ្លងកាត់ទន្លេសាប ដែលមានទំហំ ២ម៉ែត្រ នៅតំបន់ស្ពានព្រែកព្នៅ ត្រូវបាន​រៀបចំឡើងក្នុងគោលបំណង ដើម្បីតបណ្ដាញទឹកពីស្ថានីយបូមទឹកបាក់ខែង មកតំបន់ភាគខាងលិច ដោយឆ្លងកាត់ទន្លេសាប (តំបន់ស្ពានព្រែកព្នៅ) និងផ្លូវជាតិលេខ ៦A៕ ដោយ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន