សត្វដំរីចំនួន១៤ក្បាលនៅក្នុងតំបន់អង្គរបន្ទាប់ពីបញ្ឈប់សេវាដឹកជញ្ជូនភ្ញៀវទេសចរ នឹងត្រូវបញ្ជូនទៅឱ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃសហគមន៍បុស្សធំនៅស្រុកសូទ្រនិគម

AKP សៀមរាប ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ -លោក ឡុង កុសល អ្នកនំាពាក្យរបស់អាជ្ញាធរជាតិ​អប្សរាបានឱ្យដឹងកាលពីរសៀលថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ថា បន្ទាប់ពីបានពិនិត្យឃើញថា ការប្រើប្រាស់សត្វដំរី ដើម្បីដឹកភ្ញៀវទេសចរកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅតាមបែបធម្មជាតិរបស់វា អាជ្ញាធរជាតិអប្សរា ក៏បានប្រជុំពិភាក្សាគ្នាជាមួយអ្នកគ្រប់គ្រងដំរីនៅតំបន់អង្គរនេះ ដើម្បីរកដំណោះស្រាយ។ នៅក្នុងកិច្ចប្រជុំនោះ អ្នកគ្រប់គ្រងសត្វដំរី និងអាជ្ញាធរជាតិអប្សរាបានឯកភាពគ្នាឱ្យបញ្ឈប់ការប្រើប្រាស់សត្វដំរី ដើម្បីដឹកភ្ញៀវទេសចរកម្សាន្តនៅតំបន់អង្គរនៅត្រឹមឆ្នាំ២០២០ ហើយនឹងបញ្ជូនសត្វដំរីទាំងនោះទៅមណ្ឌលអភិរក្ស និងមជ្ឈមណ្ឌលបង្កាត់ពូជ ដើម្បីឱ្យពួកវារស់នៅតាមបែបធម្មជាតិវិញ។

លោក អ៊ាន គីរី ប្រធានគណៈកម្មាធិការដំរីអង្គរបានឱ្យដឹងថា សត្វដំរីដែលដឹកភ្ញៀវទេសចរកម្សាន្តនៅតំបន់អង្គរបច្ចុប្បន្ននេះមានសត្វដំរីចំនួន ១៤ក្បាល ហើយចំពោះព័ត៌មានថា បញ្ឈប់សេវាកម្មយកសត្វដំរីដឹកភ្ញៀវទេសចរកម្សាន្តនៅតំបន់អង្គរនេះ លោកជាអ្នកគ្រប់ គ្រងសត្វដំរីនឹងអនុវត្តន៍ទៅតាមការសម្រេចរបស់ក្រុមហ៊ុន និងអាជ្ញាធរជាតិអប្សរា។

លោក ម៉ុង ប៊ុនលិម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឱ្យដឹងថា ដើម្បីរកកន្លែងដាក់សត្វដំរីឱ្យរស់នៅក្នុងព្រៃតាមបែបធម្មជាតិវិញ ខាងក្រុមហ៊ុនគ្រប់គ្រងដំរីនៅតំបន់អង្គរបានទាក់ទងមកខាងរដ្ឋបាលព្រៃឈើ ដើម្បីរកព្រៃណាមួយក្នុងខេត្តសៀមរាបឱ្យពួកវារស់នៅ។ ខាងខណ្ឌរដ្ឋបាលព្រៃឈើបានឯកភាពឱ្យយកសត្វដំរីទាំងនេះទៅដាក់នៅក្នុងព្រៃសហគមន៍បុស្សធំស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានផ្ទៃដី៤០០ហិកតា។ ប៉ុន្តែកន្លែងសម្រាប់ឱ្យសត្វដំរីរស់នៅមានចំនួន៤០ហិកតាដោយធ្វើការផ្លាស់ទីក្នុងមួយឆ្នាំម្តង។

លោកបញ្ជាក់ថា ចំពោះភ្ញៀវទេសចរនៅតែអាចទៅទស្សនាសត្វដំរីនេះបាន ដោយខាងក្រុមហ៊ុនជាអ្នករៀបចំកម្មវិធីឱ្យភ្ញៀវទេសចរទៅទស្សនាសត្វដំរីទាំងនេះនៅក្នុងព្រៃ ដោយខាងអ្នកគ្រប់គ្រងដំរី និងបង្ហាត់បង្រៀនពួកវាឱ្យចេះគូរគំនូរ ឬធ្វើសកម្មភាពផ្សេងៗ ដែលធ្វើឱ្យភ្ញៀវទេសចរ ចង់ទស្សនានូវភាពប៉ិនប្រសព្វរបស់ពួកវា ៕

ដោយ ឃុត សៅ