អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំផែនការបង្រ្កាបគ្រឿងញៀននៅតាមក្លិបកម្សាន្ត និងខារ៉ាអូខេ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ -អគ្គស្នងការនគរបាលជាតិ និងប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ញៀន​លើកទី៤ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានដឹកនាំកិច្ចប្រជុំដក ស្រង់ បទពិសោធន៍ និងពង្រឹងកិច្ចប្រតិបត្តិការបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅ តាមក្លិបកម្សាន្ដ និងកន្លែងសប្បាយដ្ឋាន។ កិច្ចប្រជុំនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ការដឹកនាំកិច្ចប្រជុំនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីប្រសាសន៍ដាក់ចេញរបស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការលុបបំបាត់កុំ ឱ្យមានការចរាចរជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាមក្លិបកម្សាន្ត និងខារ៉ាអូខេ ឱ្យអស់ក្នុងឆ្នាំ២០១៩នេះ។

បើតាមការលើកឡើងរបស់ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានគូស បញ្ជាក់ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៩នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿង ញៀនបានសរុបជាង៣.០០០ករណី ឃាត់ខ្លួនជាង៧.០០០នាក់ ចាប់យកសារធាតុញៀនគ្រប់ ប្រភេទសរុបជាង៣០០គីឡូក្រាម កញ្ឆាស្រស់ចំនួន៤៧.១០៣ដើម រួមនឹងមធ្យោបាយសម្ភារ​វត្ថុតាងមួយចំនួនទៀត។ ដោយឡែកក្នុងចំណោមគោលដៅអាជីវកម្ម ក្លិបកម្សាន្ត និងទីតាំង​សប្បាយដ្ឋានចំនួនជាង៧.០០០ទីតាំង ត្រូវបានសមត្ថកិច្ចចុះផ្សព្វផ្សាយអប់រំ ធ្វើកិច្ចសន្យា ដើម្បីស្នើសុំកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន​បានចំនួនជាង៣.០០០កន្លែង ស្មើនឹង៥២ភាគរយ។

សូមជម្រាបជូនថា កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធ ជា​ច្រើនរូបទៀតផងដែរ៕

ដោយ ចាន់ សុធីវង្ស