អន្តរក្រសួងពិនិត្យនិងវាយតម្លៃហេតុប៉ះពាល់បរិស្ថានគម្រោងអាជីវកម្មថ្មអារ(ក្រានីត)របស់ក្រុមហ៊ុន ហ្សឺ លី ខេមក្រានីត

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ -គម្រោងអាជីវកម្មថ្មអារ(ក្រានីត) ត្រូវបានកិច្ចប្រជុំអន្តរក្រសួងដែលដឹកនាំដោយ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ធ្វើការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិ ងសង្គមដំបូង(IESIA)នារសៀលថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នៅទីស្តីការក្រសួង។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា សម្រាប់គម្រោងអាជីវកម្មថ្មអារ(ក្រានីត) លើផ្ទៃដីទំហំ ៣៥ហិកតា ស្ថិតនៅក្នុងតំបន់វាលល្វៀង ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ របស់ក្រុមហ៊ុន ហ្សឺ លី ខេមក្រានីត ដែលត្រូវបានសិក្សានិងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA)ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ិនវ៉ាយរ៉ូថេក សឺវីស ខូ អិលធីឌី(Envirothech Service Co., Ltd)។

ប្រភពដដែលបន្តថា ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖ ១- គាំទ្រចំពោះការបង្កើតគម្រោងអាជីវកម្មថ្មអារ(ក្រានីត) របស់ក្រុមហ៊ុន ហ្សឺ លី ខេមក្រានីត នៅខេត្តក្រចេះ ។ ២- ក្រុមហ៊ុន ហ្សឺ លី ខេមក្រានីតត្រូវបង់មូលនិធិបរិស្ថាន និងសង្គមប្រចាំឆ្នាំទៅតាមទិន្នផលប្រចាំឆ្នាំ និងតាមការកំណត់របស់ក្រសួងបរិស្ថាន។ ៣-ក្រុមហ៊ុន ហ្សឺ លី ខេមក្រានីត ត្រូវគ្រប់គ្រងសំណល់រឹង-រាវ ជាពិសេសសំណង់រឹងដូចជាកម្ទេចថ្ម ឱ្យបានត្រឹមត្រូវតាមស្ដង់ដារណែនាំរបស់ក្រសួងបរិស្ថាន ។ ៤- ក្រុមហ៊ុន ហ្សឺ លី ខេមក្រានីត ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើមី្បបញ្ចូលមតិណែនាំលម្អិតដែលនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានផ្តល់ជូន និងបន្ថែមនូវរាល់មតិណែនាំរបស់អន្តរក្រសួងក្នុងកិច្ចប្រជុំនេះទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងឱ្យបានត្រឹមត្រូវ។


កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោកជំទាវ និងលោក លោកស្រី តំណាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្ទីរបរិស្ថានខេត្ដក្រចេះ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន ហ្សឺ លី ខេមក្រានីត និងក្រុមហ៊ុន ទីប្រឹក្សា អ៊ិនវ៉ាយរ៉ូថេក សឺវីស ខូ អិលធីឌី(Envirothech Service Co.,Ltd) សរុប៣៤នាក់ ៕

ដោយ ពេជ្រ ណារិទ្ធ