ក្រុមហ៊ុន​លំដាប់ពិភពលោក Buhler គ្រោង​វិនិយោគ​សាងសង់​ឡសម្ងួត (សៃឡូ)

AKP ភ្នំពេញ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯក ស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៩​ ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បាន​អនុញ្ញាត​ឱ្យ​​ប្រធានក្រុមហ៊ុន​លំដាប់​ពិភពលោក​ Buhler ចូលជួប ​សម្តែងការគួរសម​ និង​ពិភាក្សាការងារ​។​

នៅក្នុង​ឱកាសនោះ​​ លោក​ David Wang ប្រធានក្រុមហ៊ុន Buhler Group Asia តំណាងក្រុមហ៊ុនលំដាប់ពិភពលោក Buhler ដែលមានការិយាល័យកណ្តាលនៅក្នុងទីក្រុងហ្សូរិច នៃប្រទេសស្វីស មាន​ប្រសាសន៍​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីថា​ ក្រុមហ៊ុន​​គ្រោងវិនិយោគសាងសង់ឡសម្ងួត (សៃឡូ) ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបឈានមុខគេនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ខ្សែចង្វាក់តម្លៃស្រូវអង្ករ និងធ្វើពិពិធកម្មការនាំចេញផលិតផលសម្រេច ទៅកាន់ទីផ្សារសកល ប្រកបដោយនិរន្តរភាព។

ទន្ទឹមនឹង​នេះ​ លោកក៏​បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ​ ដែលបានផ្តល់ការគាំទ្រចំពោះគម្រោងវិនិយោគ និងបានជម្រាបជូនអំពីសាវតា និងផលិតផលសំខាន់ៗរបស់ក្រុមហ៊ុន មានដូចជា អាហារកែច្នៃពីគ្រាប់ធុញ្ញជាតិ ទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារបច្ចេកវិទ្យា។

ជាមួយគ្នានេះដែរ លោក David Wang ក៏​បានគូសបញ្ជាក់ផងដែរ​ថា បេសកកម្មរបស់ក្រុមហ៊ុន Buhler ផ្តោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីកែច្នៃផលិតផល បង្កើតភាពជាដៃគូជាមួយអ្នកប្រើប្រាស់ និងពង្រឹងនិរន្តរភាពផលិតកម្ម ហើយនៅកម្ពុជា លោកគ្រោងនឹងវិនិយោគសាងសង់ឡសម្ងួតទំនើបចំនួន ១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន ១០ ដែលអាចស្តុកទិន្នផលស្រូវប្រមាណ ១លានតោន និងអាចសម្ងួតស្រូវ ១៣ពាន់តោន ក្នុងមួយថ្ងៃ សម្រាប់កែច្នៃជាផលិតផលចំណីអាហារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី​បាន​សម្តែង​ក្តី​សោមនស្ស និងសាទរចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Buhler ដែលមានសង្គតិភាពជាមួយយុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា (CTIS) និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (IDP) ព្រមទាំងគោលដៅនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ​​ ឯកឧត្តមក៏​បាន​បង្ហាញជំនឿមុតមាំផងដែរ​ថា នៅពេលបញ្ចប់ការសាងសង់គម្រោងនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពតម្លៃកសិផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទប់ស្កាត់ការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង និងជួយលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ ឡសម្ងួតទាំងអស់ក៏នឹងផ្តល់គុណប្រយោជន៍​ធំធេងដល់ការអភិវឌ្ឍវិស័យកសិ​-ពាណិជ្ជកម្មជាតិ ដែលនឹងរួមចំណែកលើកស្ទួយកិត្តិនាមរបស់កម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕ ដោយ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួងពាណិជ្ជកម្ម​