អភិបាលខេត្តបន្ទាយមានជ័យជំរុញក្រុមប្រឹក្សាថ្មីនៃ​ស្រុកព្រះនេត្រព្រះ ឱ្យយកចិត្តទុកដាក់ ពង្រឹងការងារ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ

AKP បន្ទាយ​មានជ័យ ថ្ងៃទី២០ ខែមិថុនា ​ឆ្នាំ២០១៩ -នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាស ចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សា​ ស្រុកព្រះនេត្រព្រះអាណត្តិទី៣ ចំនួន២១រូប កាលពីរសៀលថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯក ស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ បានក្រើនរម្លឹកដោយជំរុញដល់សមាជិកក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ ដែលទើប​ទទួលបានតំណែងថ្មីទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ុំរា ត្រី បានគូសបញ្ជាក់ថា បញ្ហាប្រឈម ក៏ដូចជាការសំណូមពររបស់ប្រជា ពលរដ្ឋ ក្នុងនាមយើងជាមន្រ្តីរាជការ ដែលជាអ្នកបម្រើពួកគាត់ ត្រូវតែដោះស្រាយឱ្យបាន ភ្លាមៗដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលមានបំណងឱ្យយើងដែលជាមន្រ្តីជួយដល់ពួកគាត់ឱ្យបានឆាប់រហ័ស។ នេះវានឹងធ្វើឱ្យពួកគាត់មានជំនឿជឿជាក់មក លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពការងាររបស់មន្រ្តីមូលដ្ឋាន ជា ពិសេសប្រជាពលរដ្ឋនឹងមានភាពកក់ក្តៅយ៉ាងខ្លាំង ព្រោះតែយើងដែលជាមន្រ្តីរាជការ បាន បំពេញកាតព្វកិច្ចយ៉ាងល្អក្នុងការបម្រើសេវារដ្ឋបាលសាធារណៈជូនពួកគាត់ដោយអស់ពីចិត្តនិងចេញពីបេះដូងពិតៗនោះ។

ក្រៅពីការរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន និងយកសំណូម ពរប្រជាពលរដ្ឋជាអាទិភាពនោះឯកឧត្តម ​អ៊ុំ រាត្រី ក៏បានផ្តាំផ្ញើទៅដល់ក្រុមប្រឹក្សា​ស្រុក និង រដ្ឋបាលសាលា​ស្រុកព្រះនេត្រព្រះ ត្រូវមានសាមគ្គីផ្ទៃក្នុងឱ្យបានល្អរឹងមាំ ដោយមិនត្រូវមាន ចិត្តគុំគួន ឬច្រណែនដាក់គ្នា ទៅវិញទៅមកនោះឡើយ ។ ត្រូវរួបរួមគ្នាដោយឈរលើគោល ការណ៍ឯកភាពរដ្ឋបាលតែមួយ ពិសេសធ្វើយ៉ាងណាឱ្យ​​ស្រុកព្រះនេត្រព្រះមានភាពរីកចម្រើន និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើងដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជា​ពលរដ្ឋទាំងមូលផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ក៏បានណែនាំដល់អាជ្ញាធរ​​ដែន​ដីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងថែរក្សាសន្តិសុខ សុវត្ថិភាព និងចូលរួមបន្តបើកវេទិកាផ្សព្វផ្សាយគោលនយោ​បាយភូមិឃុំមានសុវត្ថិភាព ឱ្យបានផុលផុសដល់ប្រជាពលរដ្ឋ ចូលរួមដើម្បីលុបបំបាត់អំពើ​អបាយមុខ​​នានា ពិសេសចូលរួមអប់រំផ្សព្វផ្សាយ និងទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ ប្រភេទ៕

ដោយ ឈុន សារ៉ាត