កិច្ចប្រជុំអន្តរក្រសួងពិនិត្យលើគម្រោងអាជីវកម្មថ្មអារ (ក្រានីត)

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួង ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មថ្មអារ (ក្រានីត)។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា គម្រោងអាជីវកម្មថ្មអារ (ក្រានីត) នៅលើផ្ទៃដីទំហំ ៣៨ហិកតា ដែលមានទីតាំងស្ថិតនៅ តំបន់ភ្នំតូច ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ របស់ក្រុមហ៊ុន ZER LY CAM GRANITE CO., LTD. និងរៀបចំ របាយការណ៍ IESIA ដោយក្រុមហ៊ុន ទីប្រឹក្សា ENVIROTECH SERVICE CO., LTD.។

ប្រភពខាងលើបានឱ្យដឹងទៀតថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្ទីរបរិស្ថានខេត្តក្រចេះ នាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់ បរិស្ថាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។

ក្រោយពីពិនិត្យ និងផ្តល់យោបល់លទ្ធផលនៃកិច្ចប្រជុំនេះ រួមមាន ៖ ១. អង្គប្រជុំគាំទ្រទៅលើគម្រោងអាជីវកម្មនេះ ។ ២. ក្រុមហ៊ុនត្រូវចុះបញ្ជី ប.ស.ស ដល់បុគ្គលិក-កម្មករ ។ ៣. ក្រុមហ៊ុនត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ដាក់ជញ្ជីង ថ្លឹងដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនឱ្យបានត្រឹមត្រូវ ព្រមទាំងត្រួតពិនិត្យអ្នកបើកបរដោយ មិនប្រើប្រាស់ជាតិស្រវឹង និងគ្រឿងញៀន ។ ៤. ក្រុមហ៊ុនត្រូវបញ្ឈប់សកម្មភាពអាជីវកម្ម និង សហការជាមួយក្រសួង ឬ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងករណីជីកប្រទះឃើញវត្ថុបុរាណ ឬ សម្បត្តិវប្បធម៌ ។ ៥. ក្រុមហ៊ុនត្រូវសហការជាមួយក្រសួងរ៉ែ និងថាមពល និង ក្រសួងបរិស្ថាន ដើម្បីជំរុញ និងកែច្នៃថ្មដែលនៅសល់ប្រើប្រាស់ឱ្យអស់លទ្ធភាព ។ ៦. នៅ ពេលបញ្ចប់គម្រោង ក្រុមហ៊ុនត្រូវប្រែក្លាយការដ្ឋានអាជីវកម្មថ្មអារ ទៅជាអាងស្តុកទឹក ព្រម ទាំងវិភាគគុណភាពទឹកជាមុនសិន មុននឹងឱ្យប្រជាពលរដ្ឋប្រើប្រាស់សម្រាប់វិស័យ កសិកម្ម ។ ៧. ក្រុមហ៊ុនត្រូវបញ្ចូលមតិ យោបល់របស់អង្គប្រជុំ ទៅក្នុង របាយការណ៍ IESIA ៕

ដោយ ពេជ្រ ណារិទ្ធ