មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកស្នើឱ្យឈ្មួញដី កាយដីចេញពីប្រឡាយ រំដោះទឹកនៅប្រព័ន្ធធារាសាស្ត្រចារ១វិញជាបន្ទាន់

AKP តាកែវ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាសហ​ប្រធាន កម្មវិធីកាវ៉ាក់២ បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តាកែវ ចុះសម្របសម្រួល និងធ្វើការណែនាំដល់ម្ចាស់ដីឡូត៍ដែលបានចាក់ដីលុបប្រឡាយ រំដោះទឹកនៅប្រព័ន្ធធារាសាស្ត្រចារ១ ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ នេះបើយោង​តាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៩ ខែមិថុនាឆ្នាំ​២០១៩​នេះ។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការនិងមន្ទីរធនធានទឹក និងឧតុនិយមបាន ធ្វើការណែ​នាំឱ្យឈ្មួញដីកាយដីពីប្រឡាយចេញវិញជាបន្ទាន់ដោយទុកផ្លូវចូលត្រឹម១០-១៥ម៉ែត្រ និង  មានការដាក់លូត្រឹមត្រូវក្រោមកិច្ចសហការបច្ចេកទេសជាមួយក្រុមការងារកាវ៉ាក់ រួមជាមួយ​អាជ្ញាធរស្រុក និងអាជ្ញាធរឃុំចារ ជាពិសេសធ្វើយ៉ាងណាកាយចេញឱ្យបានមុនរដូវភ្លៀង​ខ្លាំងចៀសវាងការស្ទះផ្លូវទឹក។ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានបន្តដំណើរ ជាមួយ ឯកអគ្គរាជទូតរងអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បន្តចុះត្រួតពិនិត្យការកែ​លម្អ ពង្រីកសមត្ថភាពស្រោចស្រពនៅប្រព័ន្ធធារាសាស្ត្រតាសួងជំហានទី២ ស្ថិតក្នុងស្រុក ព្រៃកប្បាស ខេត្តតាកែវ។ ក្នុងកិច្ចដំណើរការកែលម្អប្រព័ន្ធធារាសាស្រ្ដនេះ គិតមកដល់​បច្ចុប្បន្នអនុវត្តន៍ការងារបាន ៥០ភាគរយហើយ និងបន្ទាប់ពីកិច្ចការងារចប់សព្វគ្រប់ ប្រព័ន្ធ​ទាំងមូលមានលទ្ធភាពស្រោចស្រពបានផ្ទៃដី៨៣៦ហិកតា និងមានសមត្ថភាពស្រោចស្រព​ដោយ​ការបូមអាចមានលទ្ធភាពស្រោចស្រពបានរហូតដល់១.៥០០ហិកតា។ ជាមួយគ្នានេះ ដែរ ការអនុវត្តការងារដាំដុះចំនួន៣រដូវកន្លងមក ប្រព័ន្ធធារាសាស្ត្រតាសួងមាន​លទ្ធភាព ស្រោចស្រពបានផ្ទៃដីសរុប២.២១៥ហិកតា។

សូមបញ្ជាក់ថា ក្នុងការចុះសម្របសម្រួល និងធ្វើការណែនាំដល់ម្ចាស់ដីឡូត៍ដែលបាន​ចាក់ដីលុបប្រឡាយរំដោះទឹកនៅប្រព័ន្ធធារាសាស្ត្រចារ១ ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្ត​តាកែវ ក៏មានការរៀបចំកិច្ចប្រជុំដោយអភិបាលរងស្រុកព្រៃកប្បាសផងដែរ៕

ដោយ ឡុង ស៊ីវ៉ាន់