អ្នកជំនាញអភិរក្សថ្មសំណូមពរអ្នកមកគោរពបូជាសូមកុំស្រោចទឹកលើព្រះបាទបដិមា តារាជ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ — លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ​និងបុរាណវិទ្យាបង្ការបានសំណូមពរដល់អ្នកមកគោរពបូជាសូមកុំស្រោចទឹកលើព្រះបាទ បដិមា«តារាជ»ដែលបណ្តាលឱ្យទឹកហូរជ្រាបចូលតាមស្នាមប្រេះដល់បាយអរ នាំឱ្យសាច់ថ្ម​ឆាប់សឹករិចរិល និងពុកផុយ។ ការសំណូមពរនេះត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយបាន​បញ្ជាក់បន្ថែមថា ផ្សែងធូប ច្រើន នឹងធ្វើឱ្យម្រ័ក្សណ៍ និងទឹកមាសលើរូបបដិមា ប្រែទៅ ជាពណ៌ខ្មៅស្រអាប់។ លោក ឡុង ណារី បានបន្ដថា ការបំពាក់ ស្បង់ចីពរ ច្រើនជាន់លើគ្នា នឹង​ធ្វើឱ្យ​ធ្ងន់នាំឱ្យរបេះដល់ជាតិម្រ័ក្សណ៍លើដងខ្លួនបដិមាព្រោះម្រ័ក្សណ៍ខ្លះដែលទើប លាប ជំនាន់ក្រោយមិនមានគុណភាពល្អដូចដើមទេងាយនឹងធ្វើឱ្យខូចខាតណាស់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងទៀតថា «តារាជ» ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុនៃព្រហ្មមញ្ញ សាសនា ដែលមានព្រះហស្ថ៨ រចនាបថបាយ័ន្ត កម្ពស់ជិត៤ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំ តម្កល់ទុក នៅច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត។ ភាពល្បីល្បាញនៃឫទ្ធានុភាព ដ៏អស្ចារ្យនៃ អាទិទេពនេះ ត្រូវបានព្រះមហាក្សត្រខ្មែរនិងប្រជាជនខ្មែរតាំងពីបុរាណ រហូតដល់បច្ចុប្បន្ន គោរពបូជា មានជំនឿជាក់មុតមាំនឹងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គ ហើយចាត់ទុកជាស្តេចទេព ដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃ។ បើទោះបីជាមានអាយុ រាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមា «តារាជ» នៅតែបង្ហាញរាង មាំទាំនិងពេញដោយតេជៈបារមី។ ទេពអង្គនេះក៏ធ្លាប់បានទទួលការជួសជុលជាច្រើន ដងពី អ្នកជំនាញជាតិ-អន្តរជាតិ ដែលរងគ្រោះដោយកត្តាធម្មជាតិនៃអាយុកាលរបស់ខ្លួន សង្គ្រាម ស៊ីវិល និងការយារយីពីពួកឈ្មួញទុច្ចរិតប៉ងកាត់ព្រះកេសយកទៅជួញដូរដ៏គួរឱ្យខ្លោចផ្សារ។

លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាអ្នកធ្លាប់រួមចំណែកជួសជុលតារាជកន្លងមក បានឱ្យដឹងថា មក​ដល់ពេលនេះ លោកតារាជ បានឆ្លងកាត់ប្រវត្តិជួសជុលច្រើនជំនាន់មកហើយ យោងទៅលើ​ភស្តុតាងបច្ចេកទេសអភិរក្សនិងសម្ភារនៅក្នុងរាងកាយដែលធ្លាប់ជួសជុលពីសម័យមុនៗ។

លោកបានគូសបញ្ជាក់ថា ការជួសជុលតារាជ គឺមានតាំងពីចុងស.វ.ទី១៦ នៅលើជើង ដែលបាក់ជាពីរកំណាត់ទាំងពីរ ព្រោះតាមការពិសោធន៍របស់អ្នកជំនាញឃើញថា សាច់ថ្មនៅ ជើង និងដងខ្លួនមានគុណភាពផ្សេងគ្នា។ បញ្ហាបែកបាក់នេះកើតឡើងប្រហែលដោយ សារ អន្តរកាលផ្លាស់ប្តូរសាសនាពីព្រហ្មមញ្ញមកព្រះពុទ្ធ។ ជាមួយគ្នានេះ បន្តមកទៀត នៅសម័យ​បារាំង​​ដោយមើលឃើញហានិភ័យនៃបដិមាទ្រេតផ្ងារទៅក្រោយរកដួលរលំ អ្នកជំនាញសាលា​បារាំងចុងបូព៌ា ក៏បានជួសជុលឡើងវិញ ដោយការជីកបង្ហាប់ដី ពង្រឹងគ្រឹះដើម្បីតម្កល់ព្រះ​វិស្ណុឬតារាជឱ្យមានលំនឹង កាន់តែ រឹងមាំ ឡើងវិញ នាឆ្នាំ១៩៤៦។ ក្រោយមក នៅឆ្នាំ១៩៨៧-១៩៩៣ ដោយមានកិច្ចសហប្រតិបត្តិការរវាងអភិរក្សដ្ឋានអង្គរនៃក្រសួងវប្បធម៌​និងវិចិត្រ​សិល្បៈ ជាមួយឥណ្ឌា ក៏បានធ្វើការជួសជុលផ្នែកខ្លះនៃព្រះហស្ថទាំងសងខាងដែលបែកបាក់ បាត់បង់ ដោយប្រើស៊ីម៉ង់តិ៍ជំនួស។

សូមរម្លឹកថា កាលពីឆ្នាំ១៩៨៥ ព្រះកេសរបស់លោកតារាជ ត្រូវបានជនទុច្ចរិតមួយក្រុម​ប៉ុនប៉ងអារផ្តាច់ក្នុងបំណងជួញដូរ តែមិនបានសម្រេច ទើបសមត្ថកិច្ចយកព្រះកេសទៅរក្សាទុ​កនៅអភិរក្សអង្គរ មុននឹងបញ្ជូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញដើម្បីរក្សាសុវត្ថិភាព។ ក្នុងភាពវឹកវរ ប្រទេសជាតិមិនទាន់មានសន្តិសុខពេញលេញ ក្រុមអភិរក្សអង្គរបានចម្លងព្រះ​កេសថ្មីពីស៊ីម៉ង់តិ៍ជំនួសព្រះកេសដើមវិញ ដើម្បីបំពេញលក្ខណៈរាងកាយនៃបដិមានិងជំនឿ​របស់​ប្រជាជនខ្មែរ។ លុះមកដល់ឆ្នាំ២០០២-២០០៣ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ​ជាតិអប្សរាជាមួយស្ថាប័នអាល្លឺម៉ង់(GACP) ក៏បានធ្វើការជួសជុលលើព្រះហស្ថឆ្វេង២ ស្តាំ​មួយ និងស្មាស្តាំដែលប្រេះបម្រុងធ្លាក់ អាចបណ្តាល ឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រូប​ចម្លាក់​ផ្ទាល់ និងទេសចរដែលឆ្លងកាត់ទីនេះមកគោរពបូជាផង ទើបក្រុមការងារក៏ បានប្តូរព្រះហស្ថ​ទាំងបីនិងស្មាដែលធ្វើពីស៊ីម៉ង់តិ៍ជំនួសដោយថ្មភក់វិញ។ បន្ថែមពីនោះ ដោយមើលឃើញថា​លោកតារាជ ជាទេពស័ក្តិសិទ្ធិក្នុងជំនឿខ្មែរ ហើយប្រទេសជាតិក៏មានសុខសន្តិភាពហើយ ក្រុមការងារអាជ្ញាធរជាតិអប្សរានិងអាល្លឺម៉ង់ ក៏បានស្នើទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង​សារមន្ទីរជាតិភ្នំពេញ ដើម្បីសុំព្រះកេសដើម ដើម្បីមកតភ្ជាប់នឹងព្រះកាយវិញ ទើបសមនឹង​តម្លៃនៃការគោរពជំនឿដ៏មុតមាំនិងសមត្ថភាពនៃក្រុមការងាររបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការអភិរក្សផង៕

ដោយ គង់ សិរីរ័ត្ន