ក្រុមហ៊ុន លីលីហ្វូត ប្រមូលទិញបន្លែ ផ្លែ ឈើពីកសិករ ក្នុងរង្វង់ពី៣ ទៅ៥តោន ក្នុងមួយថ្ងៃៗ ដើម្បីផលិតនំប្រភេទថ្មីលក់នៅលើទីផ្សារកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៩ — ក្រុមហ៊ុនក្នុងស្រុក លីលីហ្វូត ផលិតនំប្រភេទថ្មី ដើម្បីរួមចំណែកដោះស្រាយបញ្ហាគ្មានទីផ្សារ និងការធ្លាក់តម្លៃ នៃផលិតផលបន្លែ ផ្លែ ឈើ របស់ប្រជាកសិករ ដោយប្រមូលទិញបន្លែ ផ្លែ ឈើ ពីកសិករក្នុងចន្លោះពី៣ ទៅ៥ តោន ក្នុងមួយថ្ងៃៗ។

លោកជំទាវ កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី បានឱ្យដឹងថា ក្រុមហ៊ុន​ បានកែច្នៃបន្លែមួយចំនួន រួមនឹងផ្លែឈើ ធ្វើជានំក្រៀមប្រភេទថ្មី បន្ទាប់ពីឃើញថា នៅរដូវ​ប្រមូលផលម្តងៗ ប្រជាកសិករ តែងជួយប្រទះបញ្ហាកង្វះទីផ្សារ និងបញ្ហាធ្លាក់តម្លៃ ដែលធ្វើ ឱ្យកសិករខាតបង់ប្រាក់ចំណេញ និងឈានដល់បោះបង់ការដាំដុះ ហើយធ្វើចំណាកស្រុក។ លោកជំទាវបន្តថា គម្រោងកែច្នៃបន្លែ ផ្លែឈើក្រៀម ត្រូវបានគាំទ្រ ថវិកាមួយចំនួន ដោយ អង្គការ អាយ អេ ភី សហការជាមួយអង្គការ អេស អិន វី ដើម្បីឱ្យក្រុមហ៊ុនលីលី ដើម្បីអនុវត្តន៍ គម្រោងកែច្នៃបន្លែ ផ្លែឈើក្រៀម ក្នុងការជួយដល់កសិករ និងកម្មករឱ្យមានការងារធ្វើ​កាន់តែ​ច្រើន និងចូលរួមចំណែកជួយដោះស្រាយបញ្ហាដែលកសិករខ្មែរកំពុងជួបប្រទះ ដោយក្នុង​គម្រោងនេះ ក្រុមហ៊ុនបានបញ្ជាទិញបន្លែ ផ្លែ ឈើ ពីកសិករក្នុងកម្រិតប្រមាណ៣ ទៅ៥ តោន ក្នុងមួយថ្ងៃៗ។ លោកជំទាវបានបន្ដទៀតថា បច្ចុបន្បន្ននេះ ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយ កសិករនៅខេត្តកំពត កោះកុង ព្រះវិហារ មណ្ឌលគិរី និងខេត្ដកំពង់ចាម ដើម្បីឱ្យពួកគាត់​បង្កើន​ការផលិតឱ្យច្រើន សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនតាមការកំណត់ ដើម្បី ផលិតតាមតម្រូវ​ការទីផ្សារ។ លោកជំទាវបានលើកឡើងដែរថា នំបន្លែ ផ្លែឈើក្រៀម ត្រូវបានផលិតឡើងតាម​បច្ចេកវិទ្យាទំនើប សម្រាប់ក្មេងៗដែលខ្វះនូវជីវជាតិបំប៉ន់ ព្រោះវាមានបន្លែ ផ្លែឈើគ្រប់​ពណ៌ចម្រុះគ្នាដូចជា ចេក ការ៉ុត ល្ពៅ មើមឆៃថាវ ប៉ិគក់ សណ្តែកគួរ និងអូក្រា ឬ ពោត​បារាំងជាដើម។ ជាមួយគ្នានេះ ក្មេងៗដែលមិនចូលចិត្តញ៉ាំបន្លែ ឪពុកម្តាយ អាចឱ្យពួកគេញ៉ាំ​នំ​នេះជំនួស ដោយសាររសជាតិធ្វើឱ្យក្មេងចូលចិត្ត។ លោកជំទាវបន្ថែមថា “នំ បន្លែ ផ្លែឈើ ក្រៀមនេះ យើងផលិតឡើងគឺយើងគិតគូរពីសុខភាពប្រជាពលរដ្ឋ ទាំងខ្វះអាហារូបបត្ថម្ភ ជួយដល់សុខភាពរាងកាយ ចំពោះអ្នកសម្រកទម្ងន់ក៏អាចហូបបាន អ្នកហូបអាហារបួស​ក៏​អាចហូបបាន ហូបបានគ្រប់វ័យ ទាំងពីក្មេង ដល់ចាស់ អញ្ចឹងវាមានគ្រប់ជីវជាតិ​នៅក្នុង​ហ្នឹង ហើយយើងក៏បានចូលរួមជួយដល់សេដ្ឋកិច្ចរបស់កសិករ និងចូលរួមចំណែកអភិវឌ្ឍន៍ សេដ្ឋ កិច្ចទាំងមូល ផងដែរ”។

លោកជំទាវបានឱ្យដឹងទៀតថា សម្រាប់នំបន្លែផ្លែ ឈើក្រៀមរបស់ក្រុមហ៊ន លីលី នឹង​ត្រៀមដាក់លក់លើទីផ្សារជាផ្លូវការនៅចុងខែមិថុនានេះ ហើយក្រុមហ៊ុនក៏មានគម្រោង​នាំ ចេញទៅលក់នៅក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នទីផ្សារនំស្រួយលីលី ក្តោបបានចំណែកទីផ្សារ ក្នុងស្រុកប្រមាណ ៣៥ភាគរយ ពោលគឺគិតទាំងការប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូល និងក្នុង ស្រុក​ទាំងមូលផងដែរ ហើយនំស្រួយលីលីក៏បាននិងកំពុងចរាចរ នៅលើទីផ្សារមួយចំនួន នៅក្នុង​ប្រទេសជាសមាជិកអាស៊ានដូចជាប្រទេសមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាមជាដើម ព្រមទាំង​នៅ​ទីផ្សារប៉ែកខាងសហរដ្ឋអាមេរិក កាណាដា និងកូរ៉េផងដែរ៕

ដោយ ម៉ៅ ចរិយា