ប្រមុខការពារជាតិកម្ពុជា នឹងប្រារព្ធខួប៤២ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនាស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ — សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាង ដ៏ខ្ពស់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា នឹងអញ្ជើញចូលរួមប្រារព្ធខួប៤២ឆ្នាំ នៃដំណើរឆ្ពោះទៅរកការផ្តួលរលំរបបប្រល័យ​ពូជ សាសន៍ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើយោងតាមការ បញ្ជាក់របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម នាយឧត្តម​សេនីយ៍ ឈុំ សុជាតិ បានគូសបញ្ជាក់ថា ក្នុងឱកាសនោះដែរ ប្រមុខការពារជាតិកម្ពុជា ក៏នឹងអញ្ជើញចូលរួមពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវប្រវត្តិសាស្ត្រ​សម្តេច​តេជោ» ដែលជាផ្លូវក្រាលគ្រួសក្រហមមានប្រវែង៩.៩០០ម៉ែត្រ ព្រមទាំងធ្វើពិធីរម្លឹក​គុណ គោរពព្រះភូមិទេពបង្ហាញផ្លូវទេវតាថែរក្សាទឹកដី, ដាំដើមជ្រៃជានិមិត្តរូប។ សម្តេច​ពិជ័យ សេនា និងគណៈប្រតិភូ នឹងធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន ចេញពីសាលាបឋម​សិក្សា ប៊ុន រ៉ានី ហ៊ុនសែនកោះថ្ម ទៅកាន់ព្រំប្រទល់កម្ពុជា-វៀតណាម ចំណុចអាងដាច់ X16 «ដើមត្រយឹង» និងធ្វើពិធីទាញស្បៃសម្ពោធដាក់តាំងផ្ទាំងសិលាចារឹក នៅចំណុចអាងដាច់X16 «ដើមត្រយឹង»ថែមទៀត។

សូមជម្រាបថា ទីតាំងកោះថ្ម ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ គឺជាចំណុច​ចាប់ផ្តើម​ដំបូងបង្អស់ នៃដំណើរឆ្ពោះទៅរកការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែល៤២ឆ្នាំ​មុននោះ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្ត៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយ​ឧបត្ថម្ភ​ក្នុងការរំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ការចូលទៅកាន់ប្រទេសវៀត ណាម​ពេលនោះ គឺជាការយកជីវិតធ្វើជាដើមទុនទាំងប្រថុយប្រថាន ដោយសារតែពេលនោះ ប្រទេសកម្ពុជា-វៀតណាម ស្ថិតក្នុងស្ថានភាពមានជម្លោះប្រដាប់អាវុធជាមួយគ្នា ដូច្នេះហើយ ទាហានវៀតណាមលំបាកបែងចែករវាងជនភៀសខ្លួន និងទាហានខ្មែរក្រហម ដែលមាន​បំណងចូលទៅវាយឆ្មក់។ ជាមួយគ្នានេះដែរ ការដើរឆ្លងព្រំដែនកម្ពុជា-វៀតណាម ក៏ប្រឈម​នឹងការជាន់មីន ដែលមើលមិនឃើញថែមទៀត។

គួរបញ្ជាក់ថា ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានកម្ពុជាប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីសម្តែងការដឹងគុណចំពោះ​ការលះបង់​ជីវិត​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមមិត្ត រួមដំណើរផ្សេងៗទៀត ក្នុងការ​ស្វះស្វែងរកជំនួយ ដើម្បីរំដោះប្រជាជនកម្ពុជា៕

ដោយ ចាន់ សុធីវង្ស