រដ្ឋមន្រ្តីបរិស្ថាន និងឯកអគ្គរដ្ឋទូតបារាំង ដាំដើមឈើរួមគ្នាក្នុងបរិវេណស្ថានទូត ដើម្បីផ្សព្វផ្សាយពីសារៈនៃបរិស្ថាន និងការអភិរក្សជីវៈចម្រុះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ -ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ អេរ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំដាំដើមឈើរួមគ្នាជាមួយសិស្សសាលាវិទ្យាល័យដេកាត និងសាលាអង្គការភាពញញឹមនៃកុមារ(PSE) ក្នុងបរិវេណស្ថានទូតបារាំង នៅរាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការដាំដើមឈើជានិមិត្តរូបនាពេលនេះរៀបចំឡើង ដើម្បីផ្សព្វផ្សាយដល់សាធារណជន ពិសេសយុវជន ពីសារៈនៃបរិស្ថាន និងការអភិរក្សជីវៈចម្រុះ ក៏ដូចជាលើកកម្ពស់សកម្មភាពនានានៅក្នុងវិស័យបរិស្ថាននៅកម្ពុជានេះ ។ ឯកឧត្តម បានបន្ថែមថា ព្រឹត្តិការណ៍នេះ ជាផ្នែកមួយនៃការចូលរួមបង្កើនកិច្ចការពារបរិស្ថាន និងបំផុសឱ្យប្រជាពលរដ្ឋស្រឡាញ់ធនធានធម្មជាតិ ព្រៃឈើ ជាពិសេសបណ្តុះស្មារតីឱ្យយុវជនជំនាន់ក្រោយ ចូលរួមការពារ និង អភិរក្សធនធានធម្មជាតិ។

លោកជំទាវឯកអគ្គរដ្ឋទូតបារាំង អេវ៉ា ង្វៀនប៊ិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សាយ សំអាល់ ដែលបានគាំទ្រគម្រោងនេះ តាមរយៈការផ្ដល់ដើមឈើជាង ១០០ដើម មកឱ្យស្ថានទូតបារាំងដាំបន្ថែម ។ លោកជំទាវ បានបន្ថែមថា ការការពារ  បរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គឺជាអាទិភាពនៃសកម្មភាពនានារបស់ប្រទេសបារាំង នៅក្នុងក្របខ័ណ្ឌជាតិ និងលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ពិធីដាំដើមឈើនៅពេលនេះ ប្រារព្ធឡើងក្នុងរយៈពេល៣សប្តាហ៍ មុនរុក្ខទិវា នៃព្រះរាជាណាចក្រកម្ពុជា ហើយការរៀបចំឡើងរបស់ស្ថានទូតបារាំង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ព្រៃឈើដ៏ស្រស់ត្រកាលនៅក្នុងឧទ្យានស្ថានទូត។ ឧទ្យានស្ថានទូតបារាំងនៅកម្ពុជា គឺជាលំហបៃតងធំជាងគេមួយនៅភ្នំពេញ ដែលបើកឱ្យសាធារណជនចូលទស្សនាជាច្រើនដងក្នុងមួយឆ្នាំៗ នៅក្នុងកម្មវិធីផ្សេងៗ។ ឧទ្យានដ៏ស្រស់ស្អាតនេះបានរចនាឡើងក្នុងអត្ថន័យដ៏ជ្រាលជ្រៅនៃប្រវត្តិសាស្រ្តទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរយៈពេលជាង៥០ឆ្នាំ រវាងប្រទេសទាំងពីរកម្ពុជា-បារាំង។ អស់រយៈពេលជាង០១ឆ្នាំកន្លងមកនេះ អ្នកជំនាញព្រៃឈើ២នាក់ ក្នុងនោះមានខ្មែរម្នាក់និងបារាំងម្នាក់ បានធ្វើការចុះបញ្ជីដើមឈើទាំងអស់ ដែលមានចំនួន ២០០ដើម និងមាន១០០ប្រភេទផ្សេងៗគ្នា។ ក្នុងពេលដ៏ខ្លីខាងមុខ ការរៀបចំកែលម្អទាំងនេះ នឹងកែប្រែមុខមាត់របស់ឧទ្យានស្ថានទូតបារាំង ទៅជាព្រៃត្រូពិចតូចមួយដែលជានិមិត្តរូបនៃជីវៈចម្រុះក្នុងស្រុកដ៏គួរឱ្យចាប់អារម្មណ៍ ជាទីស្ថានដ៏ស្ងប់ស្ងាត់ និងមនោរម្យនៅចំកណ្ដាលរាជធានីភ្នំពេញ។ តាមរយៈសកម្មភាពកែលម្អសួនរុក្ខជាតិនៅក្នុងស្ថានទូតបារាំង សាធារណជននឹងមានឱកាសចូល ទស្សនានិង ឈ្វេងយល់ដោយសេរី ពីរបៀបរៀបចំទីតាំងធម្មជាតិនៅទីនោះ នៅក្នុងទិវាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ៕

ដោយ ពេជ្រ ណារិទ្ធ