មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យកំពុងធ្វើយុទ្ធនាការចុះបាញ់ថ្នាំមូស ដាក់អាបែតនិង អប់រំប្រជាពលរដ្ឋទប់ស្កាត់ការពារដល់ជំងឺគ្រុនឈាម

AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ -ក្រុមមន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យបាន និងកំពុងធ្វើយុទ្ធនាការចុះបាញ់ថ្នាំមូស​ដាក់ថ្នាំអាបែត និងអប់រំពន្យល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីជំរុញទប់ស្កាត់ការបង្ការ​ការពារ​ជំងឺគ្រុនឈាមដែលបានកើតមានឡើងនៅក្នុងខេត្តមួយនេះ។

លោកវេជ្ជបណ្ឌិត ចេ ពិចិត្រ អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្នុង ឱកាសដឹកនាំក្រុមការងារជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តបានចុះបាញ់ថ្នាំមូសដាក់ថ្នាំអាបែតនៅទូទាំងក្រុងប៉ោយប៉ែតកាលពីថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវ នឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានប្រាប់ឱ្យដឹងថា យុទ្ធនា ការនេះត្រូវបានមន្ត្រីសុខា ភិបាលរួមគ្នាធ្វើនៅតាមមូលដ្ឋានរបស់ខ្លួនក្នុងការបាញ់ថ្នាំមូស ដាក់ថ្នាំ​អាបែតជាមួយ និង ការអប់រំដល់ប្រជាពលរដ្ឋតាមគេហដ្ឋាន តាមភោជនីយដ្ឋាន និងតាមសាលារៀន ដើម្បី ពន្យល់អំពីការបង្ការការពារដល់ជំងឺគ្រុនឈាម ដែលបានកើតមានច្រើនក្នុងខេត្តបន្ទាយមាន ជ័យនៅឆ្នាំនេះ។​

​​យោងរបាយការណ៍មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបង្ហាញឱ្យដឹងថា នៅក្នុង រយៈពេល៥ខែដើមឆ្នាំ២០១៨ មានករណីជំងឺគ្រុនឈាមចំនួន ២១៤ករណី ខណៈ៥ខែដើម ឆ្នាំ២០១៩នេះមាន ៧២៨ករណី ក្នុងនោះ៧០ភាគរយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ​គន្ធបុប្ផាកុមារអង្គរ នៅខេត្តសៀមរាប។

លោកវេជ្ជបណ្ឌិត ​ចេ ពិចិត្រ បាន​ឱ្យដឹងទៀតថា ជំងឺគ្រុនឈាមបច្ចុប្បន្នកើតលើមនុស្ស គ្រប់វ័យ តែភាគច្រើនកុមារ ដូច្នេះអាណាព្យាបាល ត្រូវមើលការស្លៀកពាក់របស់កុមារ ការ លេង ឬគេងពេលថ្ងៃ ដោយបង្ការមូសខាំ ព្រោះមូសខ្លាខាំពេលថ្ងៃ។ ពេលកុមារមានគ្រុនក្ដៅ ត្រូវយកទៅពិនិត្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត។

​លោកវេជ្ជបណ្ឌិតបន្តទៀតថា មូសខ្លាញីដែលបង្កកំណើត ត្រូវការទឹកថ្លាស្អាត ដូចជា ការដក់ទឹកនៅតាមសំបកកំប៉ុង ថូ ផើង កែវផ្លាស្ទិច ចានជ័រ ស្នោរ ជាពិសេសសម្បកកង់ឡាន ដែលមូសអាចពង និងញាស់ជាដង្កូវទឹក ហើយវិវត្តន៍ទៅជាមូស ដូច្នេះត្រូវលុបបំបាត់។ ទឹក ស្អាតដែលស្តុកទុកសម្រាប់ប្រើប្រាស់តាមពាងអាង ត្រូវលាងសម្អាត គ្របឱ្យជិត ចិញ្ចឹមត្រី ៧ពណ៌ ឬដាក់អាបែតសម្លាប់ដង្កូវទឹក។

លោកបន្ថែមថា ចំពោះការធ្វើអន្តរាគមន៍ ដោយបាញ់ថ្នាំមូសមានប្រសិទ្ធភាព តែរយៈ ពេលខ្លី ហើយសម្លាប់បានតែមូស មិនអាចសម្លាប់ដង្កូវទឹកបានទេ។ ជម្រើសល្អបំផុត គឺចូល រួមទាំងអស់គ្នា លុបបំបាត់ជម្រកមូស និងដង្កូវទឹក។

​លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចេះអប់រំកូនតូចៗ កុំលេងកន្លែងណាដែលងងឹត ក្នុងព្រៃរបោះ ហើយប្រសិនជាកូនតូចៗ មានអាការៈក្តៅខ្លួនខ្លាំង ត្រូវប្រញាប់នាំកូនតូចៗ ទៅកាន់មន្ទីរពេទ្យដែលនៅ​ជិតជាបន្ទាន់៕

ដោយ ឈុន សារ៉ាត