សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកអំណោយមនុស្សធម៌ អបអរសាទរព្រះរាជ ពិធី​ចម្រើនព្រះជន្មវស្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

AKP សៀមរាប ថ្ងៃទី​១៨ ខែមិថុនាឆ្នាំ២០១៩ — ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៣ យាងចូល៨៤ព្រះវស្សា អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុកអង្គរធំ ខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ព្រះសង្ឃចំននួន៧អង្គ និងចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជា​ពល​រដ្ឋងាយរងគ្រោះ មានចាស់ជរាគ្មាទីពឹង ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេ មាយ និងជនក្រីក្រមានកូនច្រើនចំនួន៨៤គ្រួសារ មកពីឃុំទាំង៤នៃស្រុកអង្គរធំ។ ពិធីនេះបាន​ធ្វើឡើង កាលពីថ្ងៃ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកអង្គរធំ ដោយមានការ​អញ្ជើញ​ចូល រួមពីលោកជំទាវ ទាង អេង ទៀ សីហា  អនុប្រធានគណៈកម្មាធិការសាខាកាក​បាទ​ក្រហម​កម្ពុជាខេត្តសៀមរាប​។ លោកជំទាវ ទាង អេង ទៀ សីហា បានមានប្រសាសន៍ថា យើងទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសម្ដែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះ​ហត្ថព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ក្នុងព្រះរាជបេសកកម្មបម្រើ​ប្រទេស​ជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ ព្រមទាំងបានបួងសួងថ្វាយព្រះពរជ័យ មហាប្រសើរថ្វាយ​សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ  ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អ​បរិបូរណ៍ ​ព្រះកាយពលមាំមួន ព្រះជន្មយឺតយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់​ដ៏ត្រជាក់របស់ប្រជារាស្ត្រជាកូន ចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។

លោកជំទាវក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋផងដែរថា បច្ចុប្បន្នការប្រែប្រួលអាកាស ធាតុគឺតែងតែកើតមានឡើងជាយថាហេតុនៅគ្រប់ទីកន្លែង មិនថាឡើយនៅក្នុងប្រទេស កម្ពុជាយើងនោះឡើយ គឺនៅលើពិភពលោកទាំងមូល តែងតែមានទទួលរងផលប៉ះពាល់ ហើយវាធ្ងន់ធ្ងរជាងនៅប្រទេសយើងទៀតផង។ ដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្ន នៅគ្រប់​វិនាទីទាំងអស់ ថ្វីត្បិតតែយើងមិនអាចទប់ស្កាត់បានចំពោះបញ្ហារន្ទះបាញ់  ប៉ុន្តែយើង​ត្រូវមាន​វិធីសាស្រ្ត ធ្វើយ៉ាងណាការពារកុំឲ្យមានគ្រោះថ្នាក់ដល់មនុស្ស សត្វពាហៈនៈ ការខូចខាត​ទ្រព្យសម្បត្តិ។ លោកជំទាវក៏បានណែនាំផងដែរទាក់ទងនឹងបញ្ហាជំងឺគ្រុនឈាម សុខភាព​មាតានិងទារក នៅពេលកូនៗរបស់ខ្លួនមានជំងឺ ត្រួវនាំទៅពិនិត្យព្យាបាលនៅតាម​មណ្ឌល​សុខភាពដែលនៅជិតមូលដ្ឋានខ្លួន និងក្រើនរម្លឹកផងដែរអំពីសុវត្ថិភាពចរាចរណ៍​និងចាក​ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង៨៤គ្រួសារ នាពេលនោះមាន ក្នុង១គ្រួសារទទួលបានឃីត១កញ្ចប់ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូ​ក្រោម មុងសុវត្ថិភាព១ និងថវិកា២ម៉ឺនរៀល៕

ដោយ ហង្ស សៀក