ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន រម្លឹកពីវីរភាពរបស់អតីតយុទ្ធជន​ក្នុងគុណបំណាច់ជួយជាតិ មាតុភូមិ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកថា អតីតយុទ្ធជនជាវិរជន​ដែលមានវីរភាព និងគុណបំណាច់ដ៏​ធំធេង  ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។    

ក្នុងទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ដែលប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០១៩នេះ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី  កែ គឹមយ៉ាន បានគូសបញ្ជាក់ថាអតីតយុទ្ធជនពិតជាបានលះបង់ ខ្ពស់បំផុតនៅក្នុងអំឡុង ពេលដែល​ប្រទេសជាតិមានសង្គ្រាម​និងបញ្ចប់ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេច​តេជោនាយករដ្ឋមន្ត្រី។

ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​បាន គូសបញ្ជាក់ថា គុណចំណាច់របស់អតីតយុទ្ធជនមិនត្រូវបានបំភ្លេចចោលឡើយ ពោលគឺមានការយក ចិត្តទុកដាក់ខ្ពស់បំផុតពីរាជរដ្ឋាភិបាល ឱ្យស័ក្តិសមទៅនឹងអ្វីដែលបងប្អូនជាអតីត​យុទ្ធជន បានធ្វើមកលើប្រទេសជាតិ និងប្រជាជន។ ឯកឧត្ដមរដ្ឋមន្ត្រីបន្តថា សម្រាប់ទិវា​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានចេញនូវសារលិខិត មួយច្បាប់ដើម្បីអបអរសាទរចំពោះទិវាអតីត យុទ្ធជនកម្ពុជាខួបលើកទី១២ នេះផងដែរ ដោយសម្តេចបានលើកឡើងពីពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជន យុទ្ធនារីនិងប្រជាពលរដ្ឋកម្ពុជានៅគ្រប់ដំណាក់កាល នៃប្រវត្ដិសាស្ត្រដែលបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងកិច្ចការពារ បូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជាសំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងសារលិខិតនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ អតីតយុទ្ធជន ចំនួន ៨៩.៧២២នាក់ ព្រមទាំងអ្នក នៅក្នុងបន្ទុកចំនួន ១៣១.៩៨៦នាក់ កំពុងទទួល បានប្រាក់របបគោល នយោបាយពីរដ្ឋ ហើយដែលប្រាក់របបនេះត្រូវបានកែ​សម្រួលជា​បន្ត​បន្ទាប់ ស្របតាមកំណើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា ទិវាអតីតយុទ្ធជនកម្ពុជា នាថ្ងៃ ២១មីថុនា នេះ ដែលប្រារព្ធធ្វើឡើង​នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានវត្តមានអតីតយុទ្ធជនសរុបប្រមាណជាង ៣.៤០០នាក់ មកពីបណ្តារាជធានី ខេត្ត អញ្ជើញចូលរួម៕

ដោយ ប៉ាល់ សុង