រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមដាំដើមឈើក្នុងបរិវេណស្ថានទូតបារាំង ដើម្បីផ្សព្វ​ផ្សាយពីសារៈសំខាន់នៃបរិស្ថាន និងការអភិរក្សជីវចម្រុះ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ អេរ៉ា ង្វៀនប៊ិញ ឯកអគ្គ​រដ្ឋទូត​បារាំងប្រចាំនៅកម្ពុជា បានរៀបចំដាំដើមឈើរួមគ្នាជាមួយសិស្សសាលាវិទ្យាល័យ ដេកាត និងសាលាអង្គការភាពញញឹមនៃកុមារ(PSE) ក្នុងបរិវេណស្ថានទូតបារាំង នៅក្នុង​រាជធានីភ្នំពេញ។ ពិធីនេះ ធ្វើឡើង កាលពីព្រឹកថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅបរិវេណស្ថានទូតបារាំង​ប្រចាំនកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូស​បញ្ជាក់ថា ការដាំដើមឈើជានិមិត្តរូបនេះ រៀបចំឡើង ដើម្បីផ្សព្វផ្សាយដល់សាធារណជន ពិសេសយុវជន ឱ្យបានដឹងពីសារៈនៃបរិស្ថាន និងការអភិរក្សជីវចម្រុះ ក៏ដូចជាលើកកម្ពស់​សកម្មភាពនានានៅក្នុងវិស័យបរិស្ថាននៅកម្ពុជានេះ។ ឯកឧត្តមបានបន្ដថា ព្រឹត្តិការណ៍នេះ ជាផ្នែកមួយនៃការចូលរួមបង្កើនកិច្ចការពារបរិស្ថាន និងបំផុសឱ្យប្រជាពលរដ្ឋស្រឡាញ់​ធន​ធានធម្មជាតិ ជាពិសេសព្រៃឈើ ក្នុងការបណ្តុះស្មារតីឱ្យយុវជនជំនាន់ក្រោយ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។

លោកជំទាវ អេវ៉ា ង្វៀនប៊ិញ អគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជាបានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ដែលបានគាំទ្រ​គម្រោងនេះ តាមរយៈការផ្ដល់ដើមឈើជាង១០០ដើម មកឱ្យស្ថានទូតបារាំងដាំបន្ថែម។ លោកជំទាវបានបន្ថែមថា ការការពារបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គឺជាអាទិភាពនៃសកម្មភាពនានារបស់ប្រទេសបារាំង នៅក្នុងក្របខ័ណ្ឌជាតិ និងលើឆាក​អន្តរជាតិ។

សូមបញ្ជាក់ថា ពិធីដាំដើមឈើនៅពេលនេះ ប្រារព្ធឡើងក្នុងរយៈពេល៣សប្តាហ៍ មុន​បុណ្យរុក្ខទិវានៃព្រះរាជាណាចក្រកម្ពុជា ហើយការរៀបចំឡើងរបស់ស្ថានទូតបារាំង ក្នុងគោល​បំណង ដើម្បីលើកកម្ពស់ព្រៃឈើដ៏ស្រស់ត្រកាលនៅក្នុងឧទ្យានស្ថានទូត។ ឧទ្យានស្ថានទូត​បារាំងនៅកម្ពុជា គឺជាលំហរបៃតងធំជាងគេមួយនៅភ្នំពេញ ដែលបើកឱ្យសាធារណជន​ចូលទស្សនាជាច្រើនដងក្នុងមួយឆ្នាំៗ នៅក្នុងកម្មវិធីផ្សេងៗ។ ឧទ្យានដ៏ស្រស់ស្អាតនេះបាន រចនាឡើងក្នុងអត្ថន័យដ៏ជ្រាលជ្រៅនៃប្រវត្តិសាស្រ្តទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរយៈពេលជាង៥០ឆ្នាំ រវាងប្រទេសទាំងពីរកម្ពុជា-បារាំង។ ទន្ទឹមនេះ អស់រយៈពេលជាង១ ឆ្នាំកន្លងមកនេះ អ្នកជំនាញព្រៃឈើ២នាក់ ក្នុងនោះមានខ្មែរម្នាក់ និងបារាំងម្នាក់ បានធ្វើការ​ចុះ​បញ្ជីដើមឈើទាំងអស់ ដែលមានចំនួន២០០ដើម និងមាន១០០ប្រភេទផ្សេងៗគ្នា។ លើស​ពី​នេះទៀត​ ក្នុងពេលដ៏ខ្លីខាងមុខ ការរៀបចំកែលម្អទាំងនេះ នឹងកែប្រែមុខមាត់របស់ឧទ្យាន​ស្ថាន​ទូតបារាំង ទៅជាព្រៃត្រូពិចតូចមួយ ដែលជានិមិត្តរូបនៃជីវចម្រុះក្នុងស្រុកដ៏គួរឱ្យ​ចាប់​អារម្មណ៍ និងជាទីស្ថានដ៏ស្ងប់ស្ងាត់ និងមនោរម្យនៅចំកណ្ដាលរាជធានីភ្នំពេញ។ តាមរយៈ សកម្មភាពកែលម្អសួនរុក្ខជាតិនៅក្នុងស្ថាទូតបារាំង សាធារណជន នឹងមានឱកាសចូល​ទស្សនា និងឈ្វេងយល់ដោយសេរីពីការរៀបចំទីតាំងធម្មជាតិនៅទីនោះ នៅក្នុងទិវា​​បេតិក​ភណ្ឌពិភពលោក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ៕

ដោយ អ៊ុន រិទ្ធី