ប្រភេទកីឡាចំនួន១៦ត្រូវបានបង្ហាញ និងដាក់ឱ្យមហាជនចូលរួមលេងនៅផ្សារទំនើបអ៊ីអន សែនសុខ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ — ហាងលក់សម្ភារកីឡា Decathlon រួមទាំងដៃគូជាច្រើនទៀតបានរៀបចំទិវាកីឡាលើកទី២ (Sport Festival) ក្នុងផ្សារទំនើបអ៊ីអន២ សែនសុខ រាជធានីភ្នំពេញ កាលពីចុងសប្តាហ៍នេះ ដោយមានប្រភេទកីឡាចំនួន១៦ ត្រូវបានបង្ហាញជូនជាសាធារណៈ និងអនុញ្ញាតឱ្យមហាជន​ចូលរួមលេងដោយឥតគិតថ្លៃ ដើម្បីបំផុសស្មារតីដល់ប្រជាជនកម្ពុជាចូលរួមឈ្វេងយល់ពី​កីឡា និងលេងកីឡា ដើម្បីសុខភាព។ លោក ជេប៊ី (JEAN BAPTISTE PRIGENT) អ្នកគ្រប់គ្រង Decathlon បានបញ្ជាក់ថា នៅក្នុងប្រទេស កម្ពុជាលោកចង់ជួយអភិវឌ្ឍន៍សហគមន៍កីឡាតាមរយៈការជួយលើកទឹកចិត្ត​ប្រជាជនខ្មែរឱ្យសាកល្បងកីឡាថ្មី និងដើម្បីយល់ពីអត្ថប្រយោជន៍ខ្ពស់ ចំពោះការលេងកីឡា​ដើម្បីសុខភាព។ លោកបានបន្ដថា នេះជាហេតុផល ដែលលោកសហ ការគ្នានៅថ្ងៃនេះ​ជាមួយ​ដៃគូចំនួន១៦ ដូចជាក្លិបកីឡា និងសហព័ន្ធកីឡាជាតិនានាបានសាកល្បងកីឡាថ្មីៗ ជាមួយនឹងផលិតផល Decathlon ។អ្នកគ្រប់គ្រងរូបនេះបន្ថែមថា លោកពិតជារីករាយ ដែលដៃគូទាំងអស់បានចូលរួម​ចំណែក​ក្នុងការជួយឱ្យព្រឹត្តិការណ៍នេះអាចធ្វើឡើងទៅបាននៅថ្ងៃនេះ ហើយមហាជននានា រួមទាំងយុវជនយ៉ាងច្រើនកុះករបានចូលរួមសាកល្បងឈ្វេងយល់ និងលេងកីឡាជាច្រើនមុខ​នៅទីនេះ។ ជាមួយគ្នានេះដែរ ព្រឹត្តិការណ៍ Decathlon Sports Festival លើកទី២នេះ​ទទួល​បានការគាំទ្រយ៉ាងខ្លាំង ពីមហាជន ជាពិសេសគឺមានក្មេងៗ និងយុវវ័យដែលស្រឡាញ់កីឡា បានចូលរួមលេងកីឡាជាច្រើនប្រភេទ យ៉ាងសប្បាយរីករាយលើ១៦ប្រភេទកីឡាមានដូច​ជា​ជិះកង់, យូហ្គា, វាយកូនបាល់, ការ៉ាតេដូ, វាយសី, ប្រដាល់គុនខ្មែរ, តេក្វាន់ដូ, បាល់បោះ, វាយកូនឃ្លីលើតុ, បាល់ទាត់ និងហែលទឹកជាដើម។សូមបញ្ជាក់ថា Decathlon គឺជាក្រុមហ៊ុនកីឡាបារាំងមួយដែលបានបង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៧៦ និងកំពុងប្រតិបត្តិការនៅក្នុង៥០ប្រទេសទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ។ គោលបំណងរបស់ Decathlon គឺដើម្បីផ្ដល់ជូននូវសម្ភារកីឡាដ៏សម្បូរបែបសម្រាប់អ្នក​លេង​កីឡាទាំងអស់នៅកម្ពុជា ដោយ Decathlon បានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ហើយបានចាប់ផ្ដើមធ្វើការផលិតសម្ភារកីឡានៅក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំ២០១៨ បាន ចាប់​ផ្ដើមការលក់រាយនូវសម្ភារកីឡាជាមួយនឹងគោលបំណង ដើម្បីផ្ដល់ភាពងាយ ស្រួលជូន​ដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាក្នុងការស្វែងរកសម្ភារកីឡាដែលពួកគេត្រូវការ៕

ដោយ ហេង ណាលីន