ឯកអគ្គរាជទូតម៉ាឡេស៊ី ចាប់អារម្មណ៍វិនិយោគលើការដាំដុះកសិកម្ម ការនាំចេញ​អង្ករ និងសាងសង់ផ្ទះស្នាក់នៅមានតម្លៃសមរម្យ នៅក្នុងខេត្តត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ — ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាបានប្រាប់អភិបាលខេត្ដត្បូងឃ្មុំថា ម៉ាឡេស៊ី ចាប់អារម្មណ៍ក្នុងការវិនិយោគលើដំណាំកសិកម្ម ការនាំចេញអង្ករ  និងការវិនិយោគ​ក្នុងវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សំណង់លំនៅដ្ឋាន​មានម្លៃ​សមរម្យ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ ឱ្យមានកំណើនកាន់តែច្រើនថែម​ទៀត ជាពិសេសការនាំចេញទៅកាន់​ប្រទេស​ម៉ាឡេស៊ី។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្ដម Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ីប្រចាំ​កម្ពុជាបានលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុន​ម៉ាឡេស៊ី​ជាច្រើន កំពុងប្រកបធុរកិច្ចនៅកម្ពុជា និង​មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងនោះ ក៏មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនទៀត បាន​សម្លឹង​ឃើញសក្តានុពល និងឱកាសវិនិយោគនៅ​កម្ពុជា ជាពិសេសខេត្តត្បូងឃ្មុំ ក្នុងការ​វិនិ​យោគ​លើការនាំអង្ករចេញ ការដាំដុះដំណាំកសិកម្ម និងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់លំនៅដ្ឋាន​មានម្លៃសមរម្យ ដែលជាគម្រោង​កសាងផ្ទះស្នាក់នៅ ធ្វើសម្រាប់ប្រជា​ពល​រដ្ឋ ក្នុងតម្លៃសមរម្យ និងប្រជាពលរដ្ឋក្រីក្រអាច​មានលទ្ធភាពទិញស្នាក់នៅ។ ឯកឧត្ដម ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះ​រាជរដ្ឋាភិ​បាលកម្ពុជា ដែលតែងតែយកចិត្តទុក​ដាក់ដល់ក្រុមហ៊ុនម៉ាឡេស៊ីដែលវិនិយោគនៅកម្ពុជា ទាំងលើក្របខ័ណ្ឌគតិយុត្ត និងកិច្ច​សម្រួល​​ពាណិជ្ជកម្ម ជាពិសេសខេត្តត្បូងឃ្មុំ ក្នុងការជំរុញ​ការនាំអង្ករទៅប្រទេសម៉ាឡេស៊ី។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា ខេត្តត្បូងឃ្មុំ សូមស្វាគមន៍ចំពោះ ការវិនិយោគនៅលើទឹកដីខេត្តត្បូងឃ្មុំ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុន​​ម៉ាឡេស៊ី ពិសេសលើ​ការ​សាងសង់ផ្ទះស្នាក់នៅ ដែលមានតម្លៃសមរម្យ​សម្រាប់ប្រជា​ពលរដ្ឋ​គ្រប់ស្រទាប់វណ្ណ: ក្នុង​ខេត្ត។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យភាគីម៉ាឡេស៊ី បង្កើនទំនាក់ទំនងផងដែរ ទៅលើ​វិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ពិសេសជាមួយខេត្តត្បូងឃ្មុំ។ ឯកឧត្តម អភិបាលខេត្ដបានបង្ហាញពីស្ថានភាពភូមិសាស្ត្រដ៏ល្អ ដែលមានលក្ខណៈ​អំណោយផលល្អ ហើយមានសក្តានុពលលើវិស័យនានា ពិសេសលើវិស័យកសិកម្ម និង​កសិឧស្សាហកម្ម ដែលមានដំណាំស្រូវ កៅស៊ូ និងម្រេច។

ជាមួយគ្នានេះដែរ ឯកឧត្ដម ឯកអគ្គរាជទូត ក៏បានគោរពអញ្ជើញឯកឧត្តមអភិបាល​ខេត្ត និងក្រុមការងារទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាឈ្វេងយល់ និងផ្លាស់​ប្តូរបទពិសោធន៍​គ្នា​ទៅវិញទៅមក ក្នុងគម្រោងការអភិវឌ្ឍលំនៅដ្ឋានរបស់ក្រុមហ៊ុនម៉ាឡេស៊ី នៅខេត្តត្បូងឃ្មុំវិញ​ផងដែរ៕

ដោយ អ៊ុន រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្ដត្បូងឃ្មុំ)