រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ចំពោះគ្រប់ក្រុមហ៊ុនវិនិយោគទុនបរទេសទាំងអស់នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានបង្ហាញជំហរថា រាជរដ្ឋាភិបាលស្វាគមន៍ចំពោះការវិនិយោគ បន្ថែម និងផ្តល់ប្រព្រឹត្តកម្មស្មើភាពគ្នាចំពោះគ្រប់ក្រុមហ៊ុនវិនិយោគទុនបរទេសទាំងអស់នៅ កម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញជំហរដូច្នេះ ខណៈលោកបណ្ឌិត Armin Bruck នាយក ប្រតិបត្តិក្រុមហ៊ុន Siemens Limited សាខាប្រចាំប្រទេសសិង្ហបុរី ចូលជួបពិភាក្សាអំពីការ ពង្រីក​ការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុន Siemens Limitedនៅកម្ពុជានៅទីស្តីការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា ក្រុមហ៊ុន Siemens Limited ត្រូវបាន ទទួលស្គាល់ថា ជាដៃគូសហការល្អ ដោយបានបោះទុនវិនិយោគ និងចូលរួមយ៉ាងសកម្មក្នុងវិស័យថាមពល អគ្គិសនី និងសុខាភិបាលនៅកម្ពុជា តាមរយៈការ ផ្គត់ផ្គង់នូវសម្ភារទំនើប និងបច្ចេកវិទ្យាខ្ពស់ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយក​រដ្ឋមន្រ្តី គូសបញ្ជាក់ថា កម្ពុជាមានបំណងស្វែងយល់បន្ថែមទៀត អំពីបច្ចេកវិទ្យាទំនើបៗ និងសមត្ថភាពនៃម៉ាស៊ីនថ្មីៗ ដែលក្រុមហ៊ុនមានលទ្ធភាពផ្គត់ផ្គង់ និងអាចចូលរួមជា ចំណែក គាំទ្រដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ កម្ពុជា នឹងបន្តកិច្ច​សហការ ល្អជាមួយក្រុមហ៊ុន និងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តសហការជាមួយនឹងស្ថាប័ន ពាក់ព័ន្ធនៃ​រាជរដ្ឋាភិបាលអំពីគម្រោងថ្មីៗរបស់ក្រុមហ៊ុន ដូចជា ការប្រើប្រាស់ប្រព័ន្ធឌីជីថល នៅ​ក្នុង​វិស័យវារីវប្បកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងចរាចរណ៍ ជាដើម ។

ទន្ទឹមនេះ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិ​យោគពី​បរទេស តាមរយៈការសម្រួលផ្នែកពាណិជ្ជកម្មបន្ថែមទៀត កន្លងទៅថ្មីៗនេះ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ​កញ្ចប់កំណែទម្រង់ជាវិធានការមុតស្រួចលើគ្រប់វិស័យ រួមមាន ការលើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃអគ្គិសនី ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការបន្ត កំណែទម្រង់ស្ថាប័នជាដើម។ កញ្ចប់កំណែទម្រង់នេះ មានវិសាលភាពគ្រប ដណ្តប់លើគ្រប់​វិស័យ និងគ្រប់ជ្រុងជ្រោយ រួមទាំងលើក្របខ័ណ្ឌគតិយុត្តនិងបច្ចេកទេស ៕

ដោយ គង់ សិរីរ័ត្ន