អ្នកឯកទេសកូរ៉េបង្ហាញ៤ចំណុចសំខាន់ៗក្នុងការប្រមូលទឹកភ្លៀង សម្រាប់ការផ្គត់ផ្គង់ទឹកនៅតំបន់ជនបទ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ — អ្នកឯកទេសខាងទឹកភ្លៀងកូរ៉េបានបានបង្ហាញ៤ចំណុចសំខាន់ៗក្នុងការប្រមូលទឹកភ្លៀងជាដំណោះស្រាយ សម្រាប់ការផ្គត់ផ្គង់ទឹកនៅតំបន់ជនបទ។ យោងតាមការផ្សាយរបស់រាជ បណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា ៤ចំណុចសំខាន់់ៗដែលលោកសាស្ត្រាចារ្យ មូយុង ហាន អ្នកឯកទេសខាងទឹកភ្លៀងកូរ៉េបានធ្វើបទបង្ហាញរួមមាន ទី១. សក្កានុពលនៃទឹកភ្លៀងដែល អាច​ប្រើប្រាស់ ឬបម្រើតម្រូវការបាន ទី២. ទឹកភ្លៀងសម្រាប់ផឹក ទី៣. របៀបនៃការគ្រប់គ្រង ទឹកភ្លៀងដើម្បីបន្សល់ការប្រើប្រាស់ និងទី៤. ករណីភ្លៀងនៅប្រទេសកូរ៉េ។

លោកសាស្ត្រាចារ្យ មូយុង ហាន ជាអ្នកឯកទេសខាងទឹកភ្លៀង មានបទពិសោធន៍ សព្វថ្ងៃលោកកំពុងបង្រៀននៅផ្នែកវិស្វកម្មបរិស្ថាន និងស៊ីវិល ក្នុងសាកលវិទ្យាល័យជាតិ សេអ៊ូល ហើយលោកក៏កំពុងដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវទឹកភ្លៀងនៅក្នុងសាកលវិទ្យាល័យ​នេះផងដែរ។ លោកបានទទួលបរិញ្ញាបត្រវិទ្យាសាស្រ្តនិងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យជាតិសេអ៊ូល និងនៅក្នុងឆ្នាំ១៩៨៩។ លោកបានទទួលសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យតិចសាស ហើយបច្ចុប្បន្នលោកគឺជាសមាជិកមិត្តរបស់សមាគមទឹកអន្តរជាតិ(IWA)និងជាប្រធានរបស់ក្រុមអ្នកឯកទេសខាងគ្រប់គ្រងនិងការប្រមូលទឹកភ្លៀង សមាគមទឹកអន្តរជាតិ (IWA RWHM)។

សូមរម្លឹកថា រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃ​សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា​ក៏បានរៀប​ចំបើកសិក្ខាសាលាស្តីពី «ការប្រមូលទឹកភ្លៀងជាដំណោះស្រាយ សម្រាប់ការផ្គត់ផ្គង់ទឹកនៅ​តំបន់ជនបទ វិទ្យាសាស្ត្របច្ចេកវិទ្យា និងករណីសិក្សា» ដែលមានលោកសាស្ត្រាចារ្យ មូយុង ហាន ជាវាគ្មិនឯកទេស៕

ដោយ ឡុង ស៊ីវ៉ាន់